(ភ្នំពេញ)៖ នៅមុននេះបន្តិចនាវេលាថ្ងៃត្រង់ទី០៦ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវ​ឲ្យចូលរួមគាំទ្រ​លើកស្ទួយវិស័យ​កងទ័ពជាតិ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត និងចូលរួមបរិច្ចាគរៃអង្គាសមូលនិធិ ដើម្បីរួមចំណែកជួយដល់បងប្អូនអតីតយុទ្ឋជនកម្ពុជា សូមចូលរួមឲ្យបានច្រើនកុះករ នៅក្នុងពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅស្ពាតអូឡាំពិក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារតាមរយៈ Facebook យ៉ាងដូច្នេះថា៖ «អបអរសាទរទិវាជ័យជំនះ ៧មករា និង​កីឡាយោធពល ខេមរភូមិន្ទ ២០១៧ ! សូមជនរួម​ជាតិ​ជាពិសេស​យុវជន​ចូលរួម​ឲ្យបានច្រើនកុះករ នៅក្នុងពិធីប្រកួត​កីឡាកងយោធពល​ខេមរ​ភូមិន្ទ ឆ្នាំ២០១៧ នៅ​កោះពេជ្រ។ នៅរសៀលម៉ោង៥៖០០នាទីថ្ងៃនេះ គឺនឹងមានការប្រគុំតន្រ្តី និងតាំងពិពរណ៌កងទ័ព និងតាំងពិពរណ៍មហាជន បើកជូន​សាធារណៈទស្សនាផងដែរ។ កម្មវិធីនេះគឺនឹងបន្តរហូតដល់ថ្ងៃទី៨ ខែមករា ២០១៧»

បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវថា៖ «សូមយើង​ចូលរួមគាំទ្រ​លើកស្ទួយវិស័យ​កងទ័ពជាតិឲ្យ​កាន់តែរីកចម្រើន​ខ្លាំងឡើង​ថែមទៀត និងចូលរួមបរិច្ចាគរៃអង្គាសមូលនិធិ ដើម្បីរួមចំណែកជួយ ដល់បងប្អូនអតីតយុទ្ឋជនកម្ពុជា។ កម្ពុជាយើងកាន់តែរីកចម្រើន នៅក្រោមម្លប់សន្តិភាព»