(ពោធិ៍សាត់)៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតស្លាប់យ៉ាងអាណោចអាធ័ម ក្នុងប្រឡាយទឹក សង្ស័យស្រវឹងស្រាដើរធ្លាក់លង់ស្លាប់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចប្រឡាយទឹកផ្លូវលំ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន​ អធិការនគរបាលស្រុកក្រគរ​ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សាកសពជនរងគ្រោះដែលស្រវឹងស្រាដើរធ្លាក់ប្រឡាយទឹកលង់ស្លាប់នោះ មាន​ឈ្មោះ កាន់ សុខគង់ ហៅដា អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានប្រពន្ធឈ្មោះ សៅ វី អាយុ២៩ឆ្នាំ មានកូនក្នុងបន្ទុក ២នាក់ ស្រីទាំងអស់។

លោកអធិការបន្តថា សាកសពជនរងគ្រោះ មានពាក់អាវយឺតដៃវែងពណ៌ខៀវ និងខោក្រឡាត់ពណ៌ខ្មៅ ហើយបើតាមការសន្និដ្ឋានជំហានដំបូង សាកសព​ជនរងគ្រោះ​អាច​ស្លាប់ដោយសារផឹកស្រាស្រវឹង រួចដើរធ្លាក់ចូលប្រឡាយទឹកលង់ស្លាប់តែម្តង ដែលមិនមែនជាករណីឃាតកម្មនោះឡើយ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕