(សៀមរាប)៖ ឃាតកចិត្តឆៅ ដែលចូលអារ-ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួល នៅ​ក្រុងសៀមរាប ដែលបណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានកម្លាំង​នគរបាលចាប់ខ្លួនបានហើយ នៅស្រុកជីក្រែង ខេត្តសៀមរាប នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ។

លោក ភឿង ចិន្ដារ៉េត ស្នងការរងនគរបាល និងប្រធាន​ការិយាល័យកណ្ដាល​​ព្រហ្មទណ្ឌខេត្ត​សៀមរាប បានប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី៤ ខែមករានេះថា មុខសញ្ញា​ដែលជាឃាតក ប្លន់សម្លាប់​ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួល​នោះ​ត្រូវបានកម្លាំង​នគរបាលចាប់ខ្លួន​បានហើយ ដោយឃាតកឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើត​នៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកស្នងការរងខេត្តសៀមរាប បានបញ្ជាក់ថា ប្រតិបត្តិការតាមចាប់ខ្លួន ជនជាឃាតកនេះត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ កម្លាំងនគរបាលតាមបណ្តាខេត្ត ព្រមទាំងកម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋល្អដែលបានជួយរាយការណ៍ពីករណីនេះ។

លោកស្នងការរង បានបន្តថា កម្លាំងជំនាញ និងកម្លាំងអធិការក្រុងបានបែងចែកកម្លាំងពិសេសជា៣ក្រុម ដោយមួយក្រុមសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវនៅភ្នំពេញ, ក្រុមមួយទៀត សហការជាមួយកម្លាំង នគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវនៅកំពង់ឆ្នាំង និងមួយក្រុមទៀតស្រាវជ្រាវនៅខេត្តសៀមរាបតែម្ដង ដែលទីបំផុតជនសង្ស័យត្រូវបានចាប់ខ្លួននៅ ស្រុកជីក្រែង ដោយកម្លាំងនគរបាលនៅទីនោះ។ ជាមួយគ្នានេះ លោក ភឿន ចិន្តារ៉េត ក៏សូមថ្លែងអំណរគុណដល់កម្លាំងនគរបាលពាក់ព័ន្ធទាំងអស់ ដែលបានចូលប្រតិបត្តិការ រហូតតាមចាប់ជនដៃដល់រូបនេះបាន។

ទោះជាយ៉ាងណា លោកមិនទាន់​អាចបញ្ជាក់បានថា ឃាតកមាន​បក្ខពួកប៉ុន្មាននោះទេ ព្រោះខណៈពេលនេះ កម្លាំងនគរបាលជំនាញកំពុងសួរចម្លើយបន្ដទៀត។

សូមបញ្ជាក់ថា ​មនុស្ស៣នាក់ ត្រូវបានឃាតកចិត្តឆៅចូលអារ-ក ប្លន់សម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។​ ហេតុការណ៍ឃាតកម្មដល់សាហាវនេះភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦​ ភូមិ​សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ដ្រីនគរបាលមូលដ្ឋាន​បានឲ្យដឹងថា ក្នុងហេតុការណ៍​ឃាតកម្មនេះ​បណ្ដាលឲ្យ​ជនរងគ្រោះ​២នាក់ដេកស្លាប់​ក្នុងថ្លុងឈាម ដែលទី១៖ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការ​ក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើត​​នៅស្រុកឈូក ខេត្តកំពត, ទី២៖ ឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ​​ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ និងទី៣៖ ឈ្មោះ ឡេង ស្រីពៅ​​ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ក្នុងចំណោម​ជនរងគ្រោះទាំង៣នាក់នេះ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា។​

បើតាមនគរបាលបានឲ្យដឹងបន្ថែមថា ស្ដ្រីដែលរងរបួសធ្ងន់​ដែលត្រូវឃាតកអារ-ក កាត់ដៃម្ខាងចោល នៅមានដង្ហើម​ក៏បានខលទៅ​ប​ងប្អូនមកជួយហើយពេលនេះ កំពុងស្ថិតក្នុង​ការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ មិនទាន់ដឹងវាសនា​នាងទៅជាយ៉ាងណានោះទេ​៕

ឃាតកចិត្តឆៅ ដែលចូលអារ-ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់