(ភ្នំពេញ)៖ ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូល​ដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធសព ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស ​ដែលកំពុងតម្កល់ធ្វើព្រះរាជពិធីបុណ្យនៅវត្តបុទុមវតី។

សូមជំរាបថា សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស បានសោយទិវង្គត ១០៖៤៥នាទីព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា ដោយព្រះរោគាពាធ នៅព្រះរាជដំណាក់​របស់ព្រះ​អង្គ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយក្រសួងពាណិជ្ជកម្ម។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាបុត្រារបស់សម្តេច ស៊ីសុវត្ថិ មុនីវង្ស និងត្រូវជាព្រះ​បិតុលា​បង្កើត (ឪពុកមា) ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផងដែរ។

សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាឧត្តមប្រឹក្សា នៃអង្គព្រះមហាក្សត្រ ហើយក៏ធ្លាប់បានធ្វើជាអនុប្រធានទី១ នៃព្រឹទ្ធសភាជាតិនីតិកាលទី១ និងទី២ផងដែរ៕