(ភ្នំពេញ)៖ នៅវេលាម៉ោង១៣៖០៣នាទីរសៀលថ្ងៃសុក្រនេះ ព្រះទីនាំងរថភ្លើងរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានយាងដល់ស្ថានីយ៍រថភ្លើងរបស់ខេត្តកំពតហើយ។

ព្រះទីនាំងរថភ្លើង របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ បានមកដល់ស្ថានីយ៍រថភ្លើងរបស់ខេត្តកំពត បន្ទាប់ពីព្រះមហាក្សត្រ និង សម្តេចម៉ែបានយាងទត និងសួរសុខទុក្ខដល់មន្រ្តីអ្នកមុខអ្នកការប្រចាំខេត្តតាកែវ នៅវេលាម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ។

នៅក្នុងឱកាសដែល ព្រះមហាក្សត្រ និងសម្តេចម៉ែ បានមកដល់ស្ថានីយ៍រថភ្លើងខេត្តតាកែវ ព្រះអង្គទាំងទេ្វ បានបង្ហាញពីភាពសិទ្នស្នាល ជាមួយប្រជានុរាស្រ្តគ្រប់គ្នា ក្នុងនោះក៏បានបង្ហាញពីក្តីស្រឡាញ់ ភាពកក់ក្តៅជូនដល់ប្រជានុរាស្រ្តផងដែរ។ បន្ថែមពីលើនេះព្រះមហាក្សត្រ ក៏បានមានព្រះរាជបណ្តូលមួយចំនួនទៅកាន់ ប្រជានុរាស្រ្តរបស់ព្រះអង្គ ប្រមាណជា៣នាទីផងដែរ។

សូមជំរាបថា នៅវេលាម៉ោង៧៖៣៥នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រះទីនាំងរថភ្លើងរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ បានចាប់ផ្តើមចាកចេញ ស្ថានីយ៍រថភ្លើងនៅភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ ព្រះទីនាំងរថភ្លើងរបស់ព្រះអង្គទាំងទ្វេ នឹងឈប់ចតនៅស្ថានីយ៍ចំនួន៣កន្លែង,​ ទី១៖ស្ថានីយ៍រថភ្លើង នៅខេត្តតាកែវ ទី២៖ ស្ថានីយ៍រថភ្លើងនៅខេត្តកំពត និងទី៣៖ ស្ថានីយ៍រថភ្លើងខេត្តព្រះសីហនុ។

ការយាងតាមរថភ្លើងរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ជាលើកដំបូង របស់ព្រះអង្គទាំងទ្វេ អមដំណើរដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, ឧបនាយករដ្ឋមន្រ្តី ស ខេង, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន។

កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីការពារព្រះរាជដំណើររបស់ព្រះមហាក្សត្រ ដែលអមដំណើរដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ, ស្ថានីយ៍រថភ្លើងតាកែវ, ស្ថានីយ៍រថភ្លើងកំពត រហូតដល់ខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់ ព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម មិនមែន ដូចការអត្ថាធិប្បាយមួយចំនួន ដែលថាកសាងឡើង នៅសម័យអាណានិគមបារាំងនោះទេ៕