(ភ្នំពេញ)៖ បន្ទាប់ពីទទួលដំណឹងថា សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស យាងចូលទិវង្គតមក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាជាតិ ចូលគោរពព្រះវិញ្ញាណក្ខន្ធ និងរំលែកព្រះមរណទុក្ខជាមួយព្រះញាតិវង្សានុវង្ស របស់ព្រះសព សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស។

សូមបញ្ជាក់ថា សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស មានព្រះតំណែងជាឧត្តមក្រុមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ជាអតីតអនុប្រធានទី១ នៃព្រឹទ្ធសភាជាតិ។ ព្រះអង្គបានចូលព្រះទិវង្គត កាលពីវេលាម៉ោង ១០៖៥០នាទីព្រឹក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា ដោយព្រះជរាពាធ។

ព្រះសព សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស កំពុងតម្កល់ និងប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីជាតិខ្មែរ និងសាសនា នៅក្នុងសាលាធម្មសភា វត្តបទុមវត្តី ខណ្ឌដូនពេញ៕