(រតនគិរី)៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសចំពោះមុខមន្ត្រីរាជការមន្ទីរព័ត៌ខេត្តរតនគិរីថា នៅឆ្នាំ២០១៧ខាងមុខនេះ លោកនឹងផ្តល់ជូនក្របខណ្ឌមន្ត្រីជាប់កិច្ចសន្យាចំនួន០៧រូប។ លោកខៀវ កាញារីទ្ធ បានប្រកាសបែបនេះ ខណៈលោក បានធ្វើដំណើរចុះសួរសុខទុក្ខ មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តរតនគិរី នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ។

ក្របខណ្ឌមន្ត្រីជាប់កិច្ចសន្យាចំនួន០៧រូប រួមមាន មន្ត្រីជាជនជាតិដើមភាគតិចគ្រឹងម្នាក់ ភេទស្រីមានឈ្មោះកើស ដាវី, ភាគតិចចារ៉ាយម្នាក់ ភេទប្រុស ឈ្មោះរចំ សារឿន, ភាគតិចព្រៅម្នាក់ ឈ្មោះធិន សៅអ៊ុនភេទស្រី, ភាគតិចទំពួនម្នាក់ឈ្មោះ កែវ លឺនប្រុស និងបុគ្គលិកជាប់កិច្ចសន្យាជនជាតិខ្មែរចំនួន៣រូប មានឈ្មោះ ងួន ក្រែង, ហ៊ុន សុភា , ហ៊ុន ស្រី។

ថ្លែងក្នុងពិធីសំណេះសំណាលដដែល លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសន្យាផ្តល់ជូនម៉ាស៊ីនផ្សាយទូរទស្សន៍កម្លាំង០៥ គីឡូវ៉ាត់ ជូនដល់មន្ទីរព័ត៌មានខេត្តរតនគិរី នាពេលខាងមុខនេះផងដែរ។

ក្រៅពីនោះ លោករដ្ឋមន្ត្រី បានជម្រុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តរតនគិរី ត្រូវបន្តខិតខំបំពេញភារកិច្ចការងារស្នូលរបស់ខ្លួន ឲ្យបានល្អប្រសើរឆ្លើយតបទៅនឹងទិសស្លោករបស់ក្រសួងគឺពេលណាក៏បាន កន្លែងណាក៏បាន រហ័ស និងជឿទុកចិត្តបាន។

លោកឆាយ បូរិន ប្រធានមន្ទីរព័ត៌ខេត្តរតនគិរី បានគោរពថ្លែងអំអរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះវត្តមានលោករដ្ឋមន្ត្រី និងលោកស្រី ដែលបានឈ្លៀតឱកាស ដ៏មានតម្លៃអញ្ជើញមកសួរសុខទុក្ខ មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តរតនគិរី ជាពិសេស បានផ្តល់ជូននូវមន្ត្រី ក្របខណ្ឌចំនួន០៧រូបផងដែរ៕