(កែប)៖ ប្រជាពលរដ្ឋទៅជីកយកអាចម៍ដីក្រហម មកដាក់ដំណាំម្រេច ចៃដន្យក៏ប្រទះឃើញសាកសពនៅសល់តែគ្រោងឆ្អឹង ក្នុងរណ្តៅ ចំនួន​៣នាក់ ​នៅរសៀល​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចជាយចំការម្រេចចាស់ តែសព្វថ្ងៃជាកម្មសិទ្ធិរបស់លោក ហែម រ៉ាឌី ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

លោកឧត្តមសេនីយ៍ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានបញ្ជាក់ថា សាកសពទាំងនេះ គឺជាកងទ័ពវៀតណាម ដែលបានស្លាប់នាសម័យសង្គ្រាម។

មន្ត្រីយោធាខេត្ត បាន​ឲ្យដឹងថា កម្លាំងយោធាដើរល្បាតក្នុងភូមិសាស្ត្រខាងលើ ក៏​ជួបប្រជាពលរដ្ឋ ដែលជីកកាយយកដីក្រហមដាក់ម្រេចនោះ ដោយពលរដ្ឋប្រទះឃើញឆ្អឹងសាកសពក្នុងរណ្តៅ ដែលរុំព័ទ្ធសព ដោយអង្រឹង និងភួយ បន្ទាប់មកកម្លាំងយោធាដែលល្បាតចុះដល់គោលដៅ ហើយដាក់ការសង្ស័យថា ជាសពកងទ័ពវៀតណាម ក្នុងសម័យសង្គ្រាម។

ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អីុង សំអុល បានបញ្ជាក់ថា មកទល់ពេលនេះ ​កម្លាំងអង្គភាព K92របស់វៀតណាម បានមកយក សាកសពចំនួន​៣នាក់ ទៅទឹកដីរបស់ពួកគេរួចហើយ៕