(ប៉ៃលិន)៖ អង្គភាពកំចាត់មីនខេត្តប៉ៃលិន ហៅកាត់ថា ម៉ាពូ​ Mapou បានបើកសិក្ខាសាលាអនុម័តដីចំការមីន សំរាប់បញ្ចូលក្នុង ផែនការបោសសំអាត ឆ្នាំ២០១៧ ចំនួន៤៩ចំការ លើទំហំដី ២.៨៤៨ហិកតា។

កិច្ចប្រជុំដែលបានធ្វើឡើង នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ មានការចូល​រួមពីតំណាង ប្រតិបត្តិករដោះមីនក្នុងខេត្តប៉ៃលិន​ មាន​អង្គការ CMAC , អង្គការ MAG, អង្គការMPMEC, និងអង្គការ Halo Trust។

លោក ឈិម សម្បត្តិ ប្រធានអង្គភាព Mapou ខេត្តប៉ៃលិនបានឱ្យដឹងថា «ក្នុងឆ្នាំ២០១៦ យើងបាន​បោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះបានចំនួន៥៤ចំការ ស្មើនឹងផ្ទៃដីចំនួន៣.២៥៩ ម៉ែត្រការ៉េ, បោសសំអាត​បានគ្រាប់ប្រភេទ AMPបានចំនួន ១១៣៥ គ្រាប់ , ATMបានចំនួន ១៧គ្រាប់, និងប្រភេទUXO បានចំនួន ៦៨២គ្រាប់, ដោយសំរេចបាន៥៧% បើប្រៀបនឹង ផែនការប្រចាំឆ្នាំ»

លោកបានបន្តថា នៅក្នុងឆ្នាំ២០១៦នេះ មានជនរងគ្រោះដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន៦នាក់ ស្មើនឹង ៥ករណី ក្នុងនោះនៅក្នុងសង្កាត់​បយ៉ាខាចំនួន២នាក់  ឃុំសាលាក្រៅចំនួន១នាក់  ឃុំស្ទឹងត្រង់២នាក់ និងឃុំស្ទឹងកាច់១នាក់។

លោកបានបន្ត​ទៀតថា សំរាប់ឆ្នាំ២០១៧នេះ យើងមានប្រតិប័ត្តករចំនួន៣អង្គភាព គឺ CMAC ចំនួន៤ចំការមីន មានទំហំដី​៦៨៧​ហិចតា , អង្គការMAG ចំនួន២០ចំការ មានទំហំដី ១.២៣៣ហិចតា និងអង្គការ Halo Trust ចំនួន​២៥ចំការ មានទំហំដី ៩២៧ហិកតា សរុបក្នុងផែនការបោសសំអាតមីនក្នុងឆ្នាំ​២០១៧នេះ យើងមាន ៤៩ចំការ មានទំហំដី ២.៨៤៨ហិកតា។

លោកកើត សុធា អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសកម្មភាព​មីន​ខេត្តប៉ៃលិន​បានលើកឡើងថា៖ មកដល់ពេលបច្ចុប្បន្ននេះយើងបានដោះមីន រំដោះដីកសិកម្មជូន​ប្រជា​ពលរដ្ឋ ក៍ដូចជាដោះមីនសំរាប់កសារហេដ្ឋារចនាសម្ព័ន្ធ ធ្វើអោយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិន​ទាន់ផ្ទុះមានការថយចុះយ៉ាងច្រើន សំរាប់ខេត្តប៉ៃលិនយើង ហើយស្នាដៃ ដោះមីនរបស់ខេត្ត​ប៉ៃលិនយើងមាន​ការល្អប្រសើ ទទួលបានការកោតសរសើពីថ្នាក់ជាតិនិងបានយក ខេត្តប៉ៃលិនជាគំរូ បង្ហាញដល់ខេត្ត​ផ្សេងៗ​ទៀតផង។

លោកបានបន្តថា «នៅក្នុងឆ្នាំ២០១៧នេះ យើងត្រូវខិតខំជំរុញការដោះ​មីននេះ​បន្ថែមទៀត ធ្វើយ៉ាងណាប្រឹងប្រែង អោយអស់ពីលទ្ធភាព សំរេចបានតាមផែនការកំណត់ ដោយជំរុញសកម្ម​ភាព​ចុះពិនិត្យជាក់ស្តែងដល់ចំការមីន ដើម្បីអោយបានដឹងពីការលំបាក ការងាយស្រួលរបស់ប្រតិប័ត្តករក្នុង​ការដោះមីននៅតំបន់នោះ ហើយត្រូវមានយន្តការ ផ្សព្វផ្សាយអោយបានខ្លាំងខ្លាថែម​ទៀតដល់ប្រជាពលរដ្ឋ​នៅមូលដ្ឋានអោយបានយល់ពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីត្រៀមលក្ខណៈ​សម្បត្តិអោយបានគ្រប់គ្រាន់សំរាប់ទទួលគណប្រតិភូថ្នាក់ជាតិ មកទស្សនកិច្ច សិក្សាបញ្ហាមីននៅក្នុង​ខេត្ត​ប៉ៃលិន​យើង និងត្រូវជំរុញអោយមានការសហការ ចូលរួមអោយបានច្រើនពីប្រជាពលរដ្ឋ មូលដ្ឋាន ក្នុងការងារ​ដោះមីន និងការប្រគល់-ទទួលដីចំការមីន ពីប្រតិបត្តិករដោះមីនរបស់យើង»