(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាននិយាយ នៅពេលឆ្លើយបំភ្លឺជូនសភា អំពីសំណួររបស់គណបក្សប្រឆាំង ពាក់ព័ន្ធនឹងការប្រើប្រាស់ជំនួយ ក្នុងការទិញមុងការពារជំងឺគ្រុនចាញ់របស់គម្រោងមូលនិធិសាកលថា លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏ត្រូវមានភារកិច្ចបំភ្លឺជូនរដ្ឋសភាអំពីករណីដែរ។

លោក ម៉ម ប៊ុនហេង បាននិយាយថា ចំពោះបញ្ហាការប្រើប្រាស់ជំនួយក្នុងការទិញមុងការពារជំងឺគ្រុនចាញ់ របស់គម្រោងមូលនិធិសាកលនេះ ក្រសួងសុខាភិបាលពុំមាន កាតព្វកិច្ចធ្វើការដោះស្រាយនោះទេ នេះជាសមត្ថកិច្ចផ្តាច់មុខរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានធ្វើការងារនេះជាមួយ មូលនិធិសកលក្នុងការស៊ើបអង្កេតតាមដានករណីនេះរយៈពេល២ឆ្នាំ។

លោកលើកឡើងយ៉ាងដូច្នេះថា៖ «មូលនិធិសាកលបានទទួលស្គាល់ និងពេញចិត្តលើរបាយការណ៍ របស់អង្គភាពប្រឆាំងអំពើពុករលួយ ហើយមូលនិធិសាកលបាន បន្តផ្តល់ជំនួយដល់ក្រសួងសុខាភិបាល ជាបន្តទៀតរួចមកហើយ។ ខ្ញុំជឿថា ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏មានភារកិច្ចឆ្លើយបំភ្លឺករណីនេះឱ្យរដ្ឋសភាដែរ»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ម៉ម ប៊ុនហេង បានចូលបំភ្លឺជូនសភាពេញអង្គ តាមសំណើរបស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង ជុំវិញបញ្ហាមួយចំនួន៕