(ភ្នំពេញ)៖​ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអះអាងថា រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឲ្យមាន មណ្ឌលអប់រំព្យាបាល នីតិសម្បាទាអ្នកញៀនថ្នាំ នៅគ្រប់បណ្តារាជធានីខេត្ត នៅទូទាំងប្រទេស ដើម្បីដកអ្នកញៀនគ្រឿងញៀន ឲ្យទៅទទួលបាននូវការបន្សាប និងទទួលបានជំនាញវិជ្ជាជីវៈ មុនបញ្ជូនពួកគេចូលទៅក្នុងសង្គមវិញ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

បើតាមឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ គម្រោងនៃការបង្កើតឲ្យមានមណ្ឌលអប់រំ ព្យាបាលនីតិសម្បាទា អ្នកញៀនថ្នាំ នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០១៧ ខាងមុខនេះ នៅខេត្តមួយចំនួន ដែលមានលទ្ធភាពមុខគេ។ ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការ ជាមួយមន្ទីរសង្គមកិច្ច នឹងបង្កើតឲ្យមានមណ្ឌលអប់រំព្យាបាល នីតិសម្បាទាអ្នកញៀនថ្នាំចំនួនពីរ កន្លែងបន្ថែមទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់ទៀតថា ការបង្កើតឲ្យមានមណ្ឌលអប់រំ ព្យាបាលនីតិសម្បាទាអ្នកញៀនថ្នាំ នឹងជួយកាត់បន្ថយបទល្មើស ដោយសារតែតាមការស្រាវជ្រាវរកឃើញថា អ្នកប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌប្រមាណជាង៥០ភាគរយ មានប្រភពចេញពីអ្នកប្រើប្រាស់ គ្រឿងញៀន។

តាមឧត្តមសេនីយ៍ឯក បច្ចុប្បន្ននេះមណ្ឌលអប់រំព្យាបាល នីតិសម្បាទាអ្នកញៀនថ្នាំ របស់រដ្ឋមានចំនួន៧កន្លែង ហើយឯកជនមានចំនួន ៣កន្លែងប៉ុណ្ណោះ ដែលធ្វើឲ្យការអប់រំកែប្រែបន្សាបអ្នកញៀនថ្នាំនេះ គឺវាមិនសមាមាត្រនឹងចំនួន អ្នកដែលញៀនគ្រឿងញៀនជាង១ម៉ឺននាក់ ហើយការទទួលការព្យាបាល បានមានតែ៤០ភាគរយប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៦នេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀន ៤,១៩១ករណី ក្នុងនោះបទល្មើសប្រើប្រាស់គ្រឿងញៀន ជាង១ពាន់ករណី។ ចាប់ខ្លួនជនសង្ស័យសរុប៩,៨០២ នាក់ ក្នុងនោះ អ្នកប្រើប្រាស់មានគ្រឿងញៀន ៣,៦១១នាក់ និងរឹបអូស គ្រឿងញៀនជាង១៧៥គីឡូក្រាម។ បើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តួលេខនៃការសម្រង់អ្នកប្រើប្រាស់គ្រឿងញៀន មានចំនួន១៨,៥៥៤នាក់ កើនឡើង៤,២៤២នាក់ ស្មើនឹង២៩.៦៣ភាគរយធៀបនឹងពេលមុន៕