(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នឹងដឹកនាំមន្រ្តីជាន់ខ្ពស់ក្រសួងនេះមួយចំនួន ចូលបំភ្លឺជូនរដ្ឋសភា ជុំវិញបញ្ហាសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។

ការចូលបំភ្លឺនេះ ត្រូវបានធ្វើឡើងតាមការស្នើសុំរបស់ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានការអនុញ្ញាត ដោយរាជរដ្ឋាភិបាលកម្ពុជា។

ចំណុចមួយចំនួ​ន ដែលក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងចង់ឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បំភ្លឺនាពេលនេះ រួមមាន៖ភាពមិនប្រក្រតីក្រោមការទទួលខុសត្រូវរបស់ក្រសួង, ការផ្តល់សេវាមិនត្រឹមត្រូវនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន, វិធានការក្រសួងក្នុងការពង្រឹងគុណភាពជំនាញពេទ្យ និងការអនុវត្តក្រមសីលធម៌, ការចែកចាយ និងគ្រប់គ្រងសម្ភារពេទ្យ និងថ្នាំពេទ្យ, ការគ្រប់គ្រងមន្ទីរពេទ្យឯកជន និងរថយន្តសង្រ្គោះបន្ទាន់, ផែនការធានាបន្តនិរន្តរភាព នៃមន្ទីរពេទ្យគន្ធបុប្ផា កិច្ចការពារជនរងគ្រោះពីកំហុសគ្រូពេទ្យ និងការកេងប្រវ័ញ្ច, វិធានការរបស់ក្រសួងក្នុងការផ្តល់សេវាសុខភាព ដល់ពលរដ្ឋក្រីក្រឱ្យមានប្រសិទ្ធភាព ការគ្រប់គ្រងការផលិត និងការនាំចូលថ្នាំពេទ្យ និងការគ្រប់គ្រងឱសថថ្នាំពេទ្យក្លែងក្លាយ និងថ្នាំពេទ្យខូចគុណភាពជាដើម៕