(ភ្នំពេញ)៖ ក្រោយពីបានទទួលដំណឹង ដ៏សែនក្រៀមក្រំថា សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស  ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានសោយព្រះទិវង្គត កាលពីវេលាម៉ោងប្រមាណ ១០៖៤៥នាទី នៅព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានក្ដីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង ចំពោះការសោយព្រះទិវង្គតនេះ ខ្ញុំម្ចាស់ សូមចូលរួមសោកស្ដាយជាទីបំផុត នូវការបាត់បង់សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ដែលជារាជវង្សខ្មែរ ដ៏ឧត្ដុង្គឧត្ដមមួយព្រះអង្គ ដែលមានស្នាព្រះហត្តដ៏ឆ្នើម ក្នុងការចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្ររហូតអស់មួយ ព្រះជន្មរបស់ព្រះអង្គ ។

ស្ថិតក្នុងពេលវេលាដោយក្ដីទុក្ខសោក និងអាឡោះអាល័យរកទីបំផុតគ្មាននេះ ខ្ញុំម្ចាស់ផ្ទាល់ សូមចូលរួមរំលែកទុក្ខដ៏សែន ក្រៀមក្រំបំផុតនេះ ជាមួយនឹងព្រះរាជវង្សានុវង្សទាំងអស់ និងសូមឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធ សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស បានទៅកាន់សុគតិភព​ កុំបីឃ្លៀងឃ្លាតឡើយ៕