(ភ្នំពេញ)៖ ម្ចាស់បទ «សេដ្ឋីស្រុកស្រែ» ដែលល្បីល្បាញខ្លាំង កាលពីប៉ុន្មានឆ្នាំមុន លោក សុខ រតនៈ ​ហៅ ជេក បានរៀបចំពិធីឡើង​គេហដ្ឋានថ្មី​របស់ខ្លួន យ៉ាងអធិកអធម ផ្អើលអស់អ្នកសិល្បៈជិតស្និទ្ធ នារាត្រីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៦នេះ  ​មានទីតាំងស្ថិតនៅជាប់របង ស្នងការ​រាជធានីភ្នំពេញ ​តាមផ្លូវ​លោក ជា សុផារ៉ា​ ​​បន្ទាប់ពីបាត់មុខ ពីសង្វៀនសិល្បៈ​ អស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានគេដឹងថា ការឡើងផ្ទះថ្មីនេះ គឺក្រោយពីលោក ត្រឡប់មកពីសម្ដែង នៅអូស្រ្តាលីវិញ។

អតីតតារាចម្រៀង របស់ផលិតកម្ម «Rock» ដែលទាញបានប្រជាប្រិយភាព​ តាមរយៈបទ «សេដ្ឋីស្រុកស្រែ» បានបាត់មុខមួយរយៈធំ ក្រោយពេល «Rock» ផ្អាកផលិតចម្រៀង ហើយខណៈដែលស្ងាត់ៗ នៅថ្ងៃទី២៧ ខែធ្នូ យប់មិញនេះ ស្រាប់តែសម្ពោធឡើងផ្ទះថ្មីមួយជុង តម្លៃជិត២០ម៉ឺនដុល្លារ គួរឲ្យភ្ញាក់ផ្អើល។

លោក សុខ រតនៈ ហៅ ជេក បានថ្លែងឲ្យដឹងថា ជាការពិតថ្ងៃនេះ លោកបានរៀបចំកម្មវិធី ឡើងគេហដ្ឋានថ្មី ដែលមានតម្លៃជិត២០​ម៉ឺន ដុល្លារ​មែន ដែលតាមគម្រោងត្រូវរៀបចំ​ទទួលភ្ញៀវ តែចំនួន២០តុប៉ុណ្ណោះ ប៉ុន្តែដោយសារបងប្អូន មិត្តភក្តិជាអ្នកសិល្បៈធ្លាប់រាប់អានគ្នា អញ្ជើញមកកាន់តែច្រើន ទើបត្រូវបន្ថែមទៀត អាចរហូតដល់ទៅ៣០តុឯណោះ។ លោកបន្តថា តាមការពិតផ្ទះមួយជុង ដែលមានតម្លៃជិត ២០ម៉ឺនដុល្លារនេះ គឺមិនមែនជាញើសឈាម របស់លោកផ្ទាល់តែម្នាក់ឯងទេ ពោលគឺមានការផ្សែផ្សំគ្នា ពីប្អូនៗខ្លះ ពីម៉ាក់ប៉ាខ្លះ និយាយរូបគឺ ពីគ្រួសារទាំងមូល ទើបគ្រប់គ្រាន់ ដើម្បីទិញផ្ទះនេះបាន។

លោកថ្លែងថា ម្យ៉ាងទៀត ផ្ទះចាស់ប្រក់ស្បូវ ហើយប្ដូរមកប្រក់ស័ង្កសី នៅម្ដុំស្ទឹងមានជ័យ ដែលជាកន្លែងកម្សត់កម្រនោះ ត្រូវបានលក់ ហើយប្រមូលផ្សំគ្នា មកទិញកន្លែងថ្មីនេះឯង។ ជាមួយគ្នានេះ ការចេញទៅច្រៀង និងសម្ដែងនៅក្នុងប្រទេសអូស្ដ្រាលី ទាំង៦លើក ធ្វើឲ្យលោកសល់លុយខ្លះ ដើម្បីបញ្ចូលបង្គ្រប់ទិញផ្ទះមួយល្វែង ជាមួយគ្នានេះ​ផងដែរ។

លោក ជេ​ក និយាយថា «ភាគច្រើនខ្ញុំឧស្សាហ៍ ចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលី និយាយរួមគឺមានរហូតដល់ទៅ៦លើក ទើបចេះតែ សន្សំទុកខ្លះទៅ និងចំណូលមួយផ្នែកទៀត បានពីក្រុមតន្ត្រីរបស់ខ្ញុំ ហើយក៏មានប្អូនប្រុសម្នាក់ ដែលទៅធ្វើការនៅប្រទេសជប៉ុន​ ​ចូលរួមជួយផងដែរ។ ម្យ៉ាងទៀត ខ្ញុំបាត់មុខមួយរយៈនេះ ដោយសារតែខ្ញុំជាប់រវល់ជាមួយ ក្រុមតន្ត្រីសម័យមួយ​ផ្ទាល់ខ្លួន​ដែលមាន ឈ្មោះថា​ "ក្រុម​តន្ត្រីជេក" ​កំពុងទទួលបានការគាំទ្រ ពីបងប្អូន​គ្រប់មជ្ឈដ្ឋាន ហើយទន្ទឹម​​នឹងភាពស្ងប់ស្ងាត់នេះ ខ្ញុំក៏ត្រៀមចេញមុខ​លើឆាកតន្រ្តីវិញដែរ ព្រោះមានបងប្អូនជាច្រើនចេះតែ សួរនាំថា ពេលណាខ្ញុំឡើងច្រៀងវិញ »

ម្ចាស់បទ «សេដ្ឋីស្រុកស្រែ» រូបនេះ បានបង្ហើបឲ្យដឹងដែរថា ​ទម្រាំមានថ្ងៃនេះ លោកបានតស៊ូប្រឹងប្រែង​ជាច្រើនឆ្នាំ​គឺធ្លាប់ឆ្លងកាត់ជីវិត ​ជាអ្នករត់តុ នៅតាមភោជ្ជនីយដ្ឋានមួយចំនួន នៅមុនពេលក្លាយ​​ជាតារាចម្រៀង របស់ផលិតកម្ម Rock ​ពោលគឺជីវិតរបស់លោកចាប់ផ្ដើម ប្រែប្រួល បន្ទាប់ពីមានឈ្មោះលេចធ្លោ នៅលើវិថីចម្រៀង​។​ លោក ជេក និងបង្ហាញ​វត្តមានតាមឆាកតន្ត្រី​វិញ ក្នុងពេលឆាប់ៗនេះ ស្របពេលកំពុងត្រៀមចេញបទថ្មីស្នាដៃនិពន្ធថ្មី មិនចម្លង​ពីគេ​ ដោយមានការចូលរួមពីអ្នកសិល្បៈដទៃទៀត ផងដែរ៕​