(ភ្នំពេញ)៖ ធនាគារស្ថាបនា ភីអិលស៉ី ដែលគេស្គាល់ថាជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុដ៏ល្បីនៅកម្ពុជា ហើយបានច្របាច់បញ្ចូលគ្នា ជាមួយធនាគារម៉ារូហាន់ របស់ជប៉ុន ប្រែខ្លួនទៅធនាគារពាណិជ្ជនោះ ទើបតែប្រកាសតែងតាំង ប្រធាននាយកប្រតិបត្តិថ្មី ដែលជាជនជាតិ ជប៉ុន បន្ទាប់ពីប្រធាននាយកប្រតិបត្តិចាស់ លោកឧកញ៉ា ប៊ុន មុនី លាលែងពីតំណែង។

ធនាគារស្ថាបនា បានប្រកាសថា លោក Norihiko Kato ជាប្រធាននាយក​ប្រតិបត្តិថ្មី របស់ធនាគារ​ស្ថាបនា ភីអិលស៊ី ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះតទៅ។ ក្រោយពេលលោកឧកញ៉ា ប៊ុន មុនី បានលាលែងពីតំណែង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ធនាគារនេះបានឲ្យដឹងថា ប្រធាននាយកប្រតិបត្តិថ្មី លោក Kato មានបទពិសោធន៍​យ៉ាង​ទូលំទូលាយ​ក្នុងវិស័យ​​ធនាគារ​​​ជាង៣០ឆ្នាំ។ លោកបានចាប់ផ្តើម​អាជីព ក្នុងវិស័យ​នេះ​​​ជាមួយធនាគារ​ Bank of Tokyo-Mitsubishi UFJ, Ltd. (BTMU) និង​បានបម្រើការងារ​​​នៅ​ទីក្រុងតូក្យូ ទីក្រុងញូយ៉ក ទីក្រុង​អាមស្ទើដាម និង បារ៉ែន ដែល​ទទួល​បន្ទុក​​លើផ្នែក​ធនាគារ​​សាជីវកម្ម ផ្នែក​ធនធាន​មនុស្ស ផ្នែកផែនការ និងផ្នែក​គ្រប់គ្រង។ លោកបាន​​លាឈប់​ពី​ ធនាគារ BTMU ក្នុងឆ្នាំ២០០៩ និងបាន​ចូល​បម្រើការងារ​ធនាគារ Khan Bank LLC ដែលជា ធនាគារឈានមុខគេ ​ក្នុង​ប្រទេស​ម៉ុងហ្គោលី ក្នុងតួនាទីជា​ទីជាប្រធាននាយក​ប្រតិបត្តិស្តីទី ក្នុងឆ្នាំ២០១១ និងជាប្រធាននាយក​ប្រតិបត្តិ ចាប់ពី​ឆ្នាំ២០១២ រហូតដល់​ខែមិនា ឆ្នាំ២០១៦។ មុនពេលលោកត្រូវ​បាន​តែងតំាងជាប្រធាន​នាយកប្រតិបត្តិ របស់ ធនាគារ ស្ថាបនា ភីអិលស៊ី លោកបាន​បម្រើការងារ​ជា​នាយក​អាជីវកម្មហិរញ្ញវត្ថុ​​​ក្រៅប្រទេស​របស់ សាជីវកម្ម ម៉ារ៉ូហាន់។

ដោយឡែកសម្រាប់ អតីតប្រធាននាយកប្រតិបត្តិ ឧកញ៉ា ប៊ុន មុនី ធ្លាប់​បំពេញការងារ​អស់រយៈ​ពេលជាង​២០ឆ្នាំ ក្នុងតួនាទី​ជាប្រធាន​នាយក​ប្រតិបត្តិរបស់ ស្ថាបនា លីមីតធីត ពោលគឺចាប់តាំងពីស្ថាបនានៅជាអង្គការ ហើយក្រោយមក​លោកបានក្លាយ ជាប្រធាន​នាយកប្រតិបត្តិរបស់ ធនាគារ​ ស្ថាបនា ភីអិលស៊ី បន្ទាប់ពីច្របាច់បញ្ចូលគ្នាជាមួយធនាគារ ម៉ារូហាន់ និងបានធ្វើឱ្យធនាគារ​ ទទួលបាន​ភាពរីក​ចម្រើន​ និងជោគជ័យ។

លោកឧកញ៉ា ប៊ុន មុនី ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា មូលហេតុដែលលោកលាលែង ពីតំណែងនៅធនាគារស្ថាបនា ដោយសារគំនិតផ្សេងគ្នាក្នុងការដឹកនាំរវាងលោក និងភាគហ៊ុនិកជនជាតិជប៉ុន។ ហើយបន្ទាប់ពីចាកចេញពី ធនាគារស្ថាបនា លោកឧកញ៉ា ប៊ុន មុនី បានចូលកាន់​តួនាទី ​ជា​ប្រធាន​ក្រុម​​ប្រឹក្សាភិបាល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ វិថី ដែល​​ទើប​បង្កើត​ថ្មី​៕