(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានជួបប្រជុំជាមួយកងកម្លាំងនគរបាលចរាចរណ៍ទូទាំងរាជធានីភ្នំពេញ ដើម្បីពង្រឹងកាន់តែខ្លាំង លើការអនុវត្តច្បាប់ចរាចរណ៍ តាមដងផ្លូវ។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីស្នងការរង នាយការិយាល័យ នាយរង និងមន្រ្តីនគរបាលជាច្រើននាក់ផ្សេងទៀត។

នៅចំពោះមន្រ្តីនគរបាលទាំងអស់ នាយឧត្តមសេនីយ៍ស្នងការ បានជំរុញឲ្យកងកម្លាំងទាំងអស់ បង្កើនសកម្មភាព និងការងារកាន់តែមានប្រសិទ្ធភាពលើការជួយសម្រួលចរាចរណ៍ និងការអនុវត្តច្បាប់ តាមដងផ្លូវ។

ជាពិសេសនោះ នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ហាមដាច់ខាតមន្រ្តីនគរបាលចរាចរណ៍ទាំងអស់ គៀបសង្កត់ និងផាកពិន័យហួសកំណត់ពីប្រជាពលរដ្ឋ ដែលពួកគាត់ធ្វើដំណើរខុសច្បាប់ចរាចរណ៍ ដើម្បីកុំឲ្យមានការរិះគន់ និងខឹងសម្បារពីពួកគាត់៕