(ឧត្តរមានជ័យ​)៖ ​ស្នងការ​នគរបាល​ ខេត្ត​ឧត្តរមានជ័យ លោក​ ម៉ែន​ លី​ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា​ ព្រលប់​ថ្ងៃទី​២៧​ ខែធ្នូ​នេះ​ថា​ កម្លាំងនគរបាលខេត្ត​ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ បន្ទាប់​ពី​ធ្វើ​សកម្មភាព ​យកពូថៅ​កាប់​លើជនរងគ្រោះបណ្តាលឲ្យ​ រងរបួសធ្ងន់ច្រើនកន្លែង។

ហេតុការណ៍​នេះ បានកើតឡើងល្ងាច​ថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៦ នៅចំណុចភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។

លោក​ស្នងការ​ខេត្ត​បន្តថា​ ករណីបង្កឡើងដោយ ជនសង្ស័យឈ្មោះ មោង ក្រឹល អាយុ៤៥ឆ្នាំរស់នៅ ភូមិឃុំ កើតហេតុ ខាងលើ បានយកពូថៅ ទៅកាប់ទៅលើជនរងគ្រោះឈ្មោះ សុ ចៀវ អាយុ៦៥ឆ្នាំ រស់នៅភូមិជាមួយគ្នាបណ្ដាលអោយ រងរបួស ជាច្រើនកន្លែងត្រូវបានបញ្ចូនមក មន្ទីរពេទ្យឯកជនក្នុងស្រុក។

បច្ចប្បន្នជនសង្ស័យត្រូវកំលាំងជំនាញ ឃាត់ខ្លួនយកមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ចូនទៅជំនាញខេត្តបន្ត៕