(ភ្នំពេញ)៖ បុរសម្នាក់បានយកកាំបិតចុងស្រួចទៅចាក់នារីជាគូដណ្តឹង ប៉ងសម្លាប់ចោល រួចហើយ បានយកកាំបិតមកអារ-ក ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះស្នាក់នៅ តាមផ្លូវ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលនាំឲ្យអំពើហិង្សាខាងលើនេះ កើតឡើងដោយសារតែខាងប្រុសជាជនបង្កនោះ ខឹងនារីរងគ្រោះសុំផ្តាច់ពាក្យវិញ។ បើតាមសមត្ថកិច្ច ជនបង្កឈ្មោះ សយ ញក់ អាយុ២៤ឆ្នាំ រស់នៅខេត្តសៀមរាប ដោយឡែកជនរងគ្រោះឈ្មោះ ខាន់ រចនា អាយុ២៦ឆ្នាំ។

របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា «ជនបង្កដែលត្រូវជាគូដណ្តឹង និងជនរងគ្រោះបានយកកាំបិតចុងស្រួច ចាក់កជនរងគ្រោះត្រូវបញ្ឈិត-ក រងរបួស ហើយជនបង្ករបានយកកាំបិតអារ-ក ខ្លួនឯងរងរបួសធ្ងន់ និងកំពុងសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត»

របាយការណ៍បានបន្ថែមទៀតថា ចំពោះមូលហេតុនៃអំពើ ហិង្សានេះមិនទាន់មានព័ត៌មានណាបញ្ជាក់ច្បាស់ទេ ព្រោះជនបង្កកំពុងតែសង្គ្រោះ រីឯនារីរងគ្រោះបាននិយាយថា កើតឡើងដោយសារតែខ្លួន សុំផ្តាច់ពាក្យពីជនបង្ក៕