(ប៉ៃលិន)៖ ថវិកាមូលនិធិមនុស្សធម៌របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានយកទៅប្រគល់ជូនក្រុមគ្រួសារប្រជាពលរដ្ឋសម្រាលកូន ៣គ្រួសារផ្ទាល់ដល់គេហដ្ឋាន ដែលកំពុងមានជីវភាពខ្វះខាត នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ថវិកានេះត្រូវបានក្រុមការងារមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង សាខាខេត្តប៉ៃលិន នាំយកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋទាំង ៣គ្រួសារនៅរសៀលថ្ងៃនេះ។

ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនចំពោះគ្រួសារសម្រាលកូនទាំង ៣គ្រួសារ ដោយសម្តេចសូមចូលរួមអបអរសាទរ ចំពោះគ្រួសារសម្រាលកូន ដែលទើបទទួលបានសមាជិកគ្រួសារថ្មីប្រកបដោយសុខសុវត្ថិភាព ទាំងម្តាយ និងកូន ។

គ្រួសារសម្រាលកូនទាំង ៣គ្រួសារ ទទួលបានការឧបត្ថម្ភនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបានគ្រឿងឧបភោគ បរិភោគ សម្ភារទារក និងប្រាក់ឧបត្ថម្ភពី មូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ចំនួន ២០០,០០០រៀល ផងដែរ។

សូមបញ្ជាក់ថា មូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង សាខាខេត្តប៉ៃលិន គឺដឹកនាំដោយនាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានខេត្តប៉ៃលិន។ មូលនិធិមនុស្សធម៌នេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ប្រាក់ឧបត្ថម្ភ ជូនដល់ស្រ្តីសម្រាលកូន និងប្រាក់ចូលរួមរំលែកទុក្ខបុណ្យសព ជូនប្រជាពលរដ្ឋមានទីលំនៅអចិន្រ្តៃយ៍នៅខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ៕