(សេអ៊ូល)៖ អតីតមន្ត្រីទូតកំពូលរបស់កូរ៉េខាងជើងប្រចាំអង់គ្លេស បានបញ្ចេញព័ត៌មានដ៏រសើបមួយថា ប្រទេសកូរ៉េខាងជើងក្រោមការដឹកនាំ​ផ្តាច់មុខរបស់​លោក គីម ជុងអ៊ុន បាននិងកំពុងត្រៀមខ្លួនឆក់យក​ឱកាសមាសដ៏ប្រសើរថ្លៃថ្លាបំផុត​នៅដើមឆ្នាំ២០១៧ ដើម្បីបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដែលវានឹងស្រប​ពេលដែលអាមេរិកធ្វើការផ្លាស់ប្តូរមេដឹកនាំ និងកូរ៉េខាងត្បូងជួបភាពរង្គោះរង្គើលើរឿងអាស្រូវប្រធានាធិបតី​។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។

អតីតអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើង ប្រចាំចក្រភពអង់គ្លេស ដែលបានរត់ភៀសខ្លួនមកសុំជ្រកកោណនៅ​កូរ៉េខាងត្បូងកាលពីខែសីហា លោក Thae Yong Ho បានធ្វើសន្និសីទកាសែត​ជាលើកដំបូង​នៅ​កូរ៉េខាងត្បូងថា «កាលពីខែឧសភា លោក គីម ជុងអ៊ុន បានរៀបចំសមាជបក្សដ៏កំរមួយដោយបានបញ្ជា​ឲ្យធ្វើការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរឲ្យបានសម្រេចនៅចុងឆ្នាំ២០១៧ ខាងមុខនេះ»

លោក Thae បានសង្កត់ធ្ងន់ដូច្នេះទៀតថា «សម្រាប់ឱកាសមាសនៃការរៀបចំការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេសកូរ៉េខាងត្បូង និងផ្លាស់ប្តូររដ្ឋបាលដឹកនាំ នៃសហរដ្ឋអាមេរិកនោះ វាពិតជាធ្វើឲ្យកូរ៉េខាងជើងដឹង​ខ្លួនឯងច្បាស់​ថាឆ្នាំ២០១៧ ខាងមុខនេះគឺជាឆ្នាំមាស​នៃការអភិវឌ្ឍកម្មវិធី​នុយក្លេអ៊ែរ។ ដោយសារតែអាមេរិក និងកូរ៉េខាងត្បូងកំពុងតែរវល់​នឹងរឿងរៀបចំការបោះឆ្នោតប្រធានាធិបតី និងអាមេរិកក៏ដូចគ្នា នោះពួកគេ​ពិតជាគ្មានពេលក្នុងការប្រុងជើងការគ្រប់គ្រាន់​ទៅលើកូរ៉េខាងជើងឡើយ»៕