(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិ នៃការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋ ដោយចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមមណ្ឌលសុខភាព និងមន្ទីររដ្ឋទាំងប្រទេស បានទទួលការពិនិត្យ និងព្យាបាលជំងឺចំនួនសរុប ១០,០៣១,០៦២ករណី (ក្នុងនោះករណីថ្មីចំនួន ៩,០០៦,៩៩៩ ករណី)។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថាក្នុងករណីពិនិត្យពិគ្រោះជម្ងឺក្រៅសរុប ១០,០៣១,០៦២ករណី ការប្រើប្រាស់សេវា ដោយប្រជាពលរដ្ឋក្រីក្រ មានការគាំទ្រក្រោមកម្មវិធីមូលនិធិសមធ៌ ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍមានចំនួន ១,៣៦២,២០៧ ករណី និងទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលមានចំនួន ១,០៦២,៧៤១ ករណី ។

សម្រាប់អ្នកជំងឺសម្រាកព្យាបាល រយៈពេល១១ខែ មានចំនួនសរុប ៧២៨,៨៥៥ នាក់ (ក្នុងនេះអត្រាស្លាប់មាន០,៨៥% នៃចំនួនអ្នកជំងឺ សម្រាកព្យាបាលសរុប) ហើយក្នុងការសម្រាកព្យាបាល របស់ប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិសមធ៌ម ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍមានចំនួន ៧៩,៩៦៧ នាក់ ទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលមានចំនួនករណី ២០,៣០២ នាក់។

ចំណែកសម្រាលកូន រយៈពេលដប់មួយខែ មានចំនួនសរុប ២៨៥,៤២៣ នាក់ (ក្នុងនោះមណ្ឌលសុខភាព សំរាលបាន១៥០,៧៤៧ នាក់) ក្នុងករណីសំរាលសរុបខាងលើ ការសម្រាលដោយស្ត្រីក្រីក្រ ដែលមានការគាំទ្រដោយ កម្មវិធីមូលនិធិសមធ៌ម ដែលផ្តល់មូលនិធិ ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ មានចំនួន២០,០៨៣នាក់ ទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល មានចំនួនករណី១៣,៨៤៥ នាក់៕