(ភ្នំពេញ)៖ ព្រះចៅអធិការវត្តចំពុះក្អែក សម្តេចពោធិវ័ង្ស អំ លឹមហេង និងជាសម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់អំណោយជូនប្រជាពលរដ្ឋក្រីក្រ ៨២គ្រួសារ នៅសង្កាត់ព្រែកថ្មី នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងបរិវេណវត្តចំពុះក្អែក ។

នាឱកាសនោះសម្តេចពោធិវ័ង្ស អំ លឹមហេង បានមានសង្ឃដីកាសំណេះសំណាល និងសួរនាំពីសុខទុក្ខលំបាកដល់ប្រជាពលរដ្ឋ ប្រកបដោយភាពទន់ភ្លន់រួសរាយរាក់ទាក់ និងផ្ដាំផ្ញើមើលថែសុខភាព ប្រកបរបររកស៊ីទទួលដោយសុច្ចរិត ត្រូវចៀសនូវអំពើឧបាយមុខល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសត្រូវតែចៀសវាងគ្រឿងញៀនជាដាច់ខាត កាលណាប្រើប្រាស់វាហើយ វាបង្កផលប៉ះពាល់ដល់យើងច្រើនណាស់។ គ្រឿងញៀន គឺជាជាសារធាតុដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់យើង។ ពួកវាអាចផ្ដល់ផលអាក្រក់យ៉ាងធ្ងន់ធ្ងរ ទៅដល់ ខួរក្បាល បេះដូង ដំណើរការលូតលាស់ធំធាត់ របស់កុមារ និងយុវវ័យ និងសរីរាង្គដ៏ទៃទៀតនៃសារពាងកាយ អាចធ្វើអោយគាំងបេះដូងភ្លាមៗ ចំពោះអ្នកប្រើប្រាស់វាទោះបីជាកុមារក៏ដោយ ។

ជាមួយគ្នានោះ លោក លីវ វណ្ណថេង បានបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ ទាំង៨២គ្រួសារនេះ មកពីសហគមន៍ឆ្មាអើត ចំនួន ៣០គ្រួសារ នុងមកពីសហគមន៍ទំនប់តាថ្លាង ចំនួន ៥២គ្រួសារ ។

គួរំលឹកដែរថា ជារឿយៗ សម្តេចពោធិវ័ង្ស អំ លឹមហេង តែតែងផ្ដល់នូវទេយ្យទានដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ  យកទៅចែកជូនពលជនរងគ្រោះនិងជនចាស់ជរា ទីទ័លក្រ តែងតែបានទទួលនូវការឧបត្ថម្ភ នូវថវិកា និង គ្រឿង ឧបភោគបរិភោគ ផ្សេងៗទៀត ។

សូមជម្រាបថា អំណោយដែលសម្តេចនាំយកមកចែកជូននាពេលនេះ រួមមានអង្ករ ២៥គីឡូក្រាម និងគ្រឿងសម្ភារៈផ្ទះបាយ ជាច្រើនមុខទៀត ព្រមទាំងថវិកា ៥ម៉ឺនរៀលផងដែរ៕