(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនស្ដ្រីម្នាក់ ជាអ្នកកត់ល្បែងកន្ទុយលេខ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវបេតុងផ្ទះគ្មានលេខ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។

លោក ជឹម ឬទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មេឆ្នោតដែលឃាត់ខ្លួនបានឈ្មោះ ពេជ្រ វួចលៀង អាយុ៤៨ឆ្នាំ។

ការបង្ក្រាបល្បែងស៊ីសងមួយនេះ កម្លាំងជំនាញរបស់លោក បានដកហូតបាន លុយចំនួន១១២,០០០រៀល និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្នស្ដ្រីជាមេឆ្នោត ត្រូវបានអាវុធហត្ថនាំទៅសាកសួរ និងចាត់ការបន្ដ៕