(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០១៦ វិស័យធនាគារកម្ពុជា បានបន្តរីកចម្រើនប្រកបដោយភាពរឹងមាំ និងបាន រួមចំណែគាំទ្រកំណើនសកម្មភាព សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

របាយការណ៍ធនាគារជាតិកម្ពុជា ដែលទើបចេញផ្សាយបានបញ្ជាក់ថា នៅឆ្នាំ២០១៦ ទ្រព្យសកម្មប្រព័ន្ធធនាគារ (ទ្រព្យសម្បត្តិទាំងអស់ របស់ធនាគារនៅកម្ពុជា) បានកើនឡើងដល់១១២.៦ទ្រីលានរៀល (ប្រមាណ២៧.៨ពាន់លានដុល្លារអាមេរិក កើន១៧.៥%) ហើយឥណទានកើនដល់៧១.២ទ្រីលានរៀល (ប្រមាណ១៧.៦ពាន់លានដុល្លារអាមេរិកកើន១៨.៣%) និងប្រាក់បញ្ញើមានកំណើន៦២.៤ទ្រីលានរៀល (ប្រមាណ១៥.៤ពាន់លានដុល្លារអាមេរិកកើន២០.៧%)។ ​ * ប្រាក់ឥណទាន និងប្រាក់បញ្ញើខាងលើគិតបញ្ជូលទាំងវិស័យមីក្រូហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ក្នុងរបាយការណ៍ថា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដែលអង្គភាពចំណុះក្រោមធនាគារជាតិកម្ពុជា បានបន្តលើកកម្ពស់សមត្ថភាព តាមដាននិងវាយតម្លៃប្រតិបត្តិការហិរញ្ញវត្ថុជាប់ជាប្រចាំ និងបានពង្រីកការទប់ស្កាត់ការលាងលុយ និងហិរញ្ញប្បទានភេវកម្មបានយ៉ាងមានប្រសិទ្ធភាព។

ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងទៀតថា វិស័យធនាគារនៅកម្ពុជា មានការប្រកួតប្រជែងខ្ពស់ និងបានធ្វើឲ្យអត្រាការប្រាក់ឥណទានថយចុះ ជាលំដាប់ ដោយចំពោះគ្រឹះស្ថានធនាគារ អត្រាការប្រាក់ឥណទាន ជាប្រាក់ដុល្លារអាមេរិកគិតជាមធ្យមបានថយចុះពីជាង១៧% ក្នុងមួយឆ្នាំនៅឆ្នាំ២០០៥ ​មកត្រឹម១១.៨% នៅឆ្នាំ២០១៦ ហើយចំពោះគ្រឹះស្ថានមីក្រូរហិញ្ញវត្ថុ អត្រានេះបានថយចុះពីប្រមាណជិត៤០% ក្នុងមួយឆ្នាំមក២៨%។

ទោះបីមានការថយចុះយ៉ាងនេះក្តី ក៏ធនគារជាតិកម្ពុជា បាននៅមើលឃើញថា អត្រាការប្រាក់ឥណទាន នៅតែមានកម្រិតខ្ពស់នៅឡើយ ជាពិសេសចំពោះសេវាមីក្រូហរិញ្ញវត្ថុ។ ជាទូទៅការកំណត់អត្រាការប្រាក់ គឺអាស្រ័យោលើកម្រិតហានិភ័យ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវប្រឈម, តម្លៃដើមទុន និងចំណាយប្រតិបត្តិការផ្សេងៗនៅក្នុងស្ថាប័ន។ ដោយគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុនៅកម្ពុជា ភាគច្រើនទទួលហរិញ្ញប្បទាន ពីវិនិយោគិនក្នុង និងក្រៅប្រទេសដែលមានអត្រាការប្រាក់ខ្ពស់ គួបផ្សំនឹងចំណាយប្រតិបត្តិការខ្ពស់ ជាពិសេសចំពោះឥណទានខ្នាតតូច និងប្រតិបត្តិការឥណទាននៅជនបទ។ ដូច្នេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ត្រូវកំណត់យកអត្រាការប្រាក់ឥណទានខ្ពស់ ពីប្រជាពលរដ្ឋ។

ធនាគារជាតិបានបញ្ជាក់ទៀតថា រយៈពេលកន្លងមក ដើម្បីរួមចំណែកាត់បន្ថយអត្រាការប្រាក់ឥណទាន ធនាគារជាតិ នៃកម្ពុជាបានបន្តធានា នូវបរិស្ថានប្រកួតប្រជែងប្រកបដោយតម្លាភាព និងសមភាព ព្រមទាំងបានលើកទឹកចិត្តដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យស្វែងរកលទ្ធភាពបន្ទូរបន្ថយអត្រាការប្រាក់ជាបន្តបន្ទាប់៕