(កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត ប្រចាំកូរ៉រខាងត្បូង នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ អមដំណើរដោយក្រុមទីប្រឹក្សាការងារ​ស្ថានទូតបាន​ជួបពិភាក្សា​ការងារជាមួយ លោកបណ្ឌិត Park Young Boom ប្រធាន និងលោក Woo bong woo អគ្គនាយកអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សរបស់សាធារណរដ្ឋកូរ៉េ (HRD-korea)។

មន្រ្តីស្ថានទូតកូរ៉េខាងត្បូង បានបញ្ជាក់ថា កិច្ចពិភាក្សាបានផ្តោតទៅលើការពង្រឹងកិច្ចសហការរវាងស្ថានឯកអគ្គរាជទូត និងថ្នាក់ដឹកនាំ HRD ឲ្យកាន់តែស្អិតរមួត និងបញ្ហាពាក់ព័ន្ធ​របស់ពលករកម្ពុជាកំពុងជួបប្រទះជាមួយនឹងសំណូមពរដល់ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស(HRD)រួមមាន៖
- ស្នើសុំបន្ដផ្ដល់ការបណ្ដុះបណ្ដាលឲ្យកាន់តែមានប្រសិទ្ធិភាពអំពីច្បាប់ការងារពាក់នឹងពលករបរទេសដល់ ថៅកែ-មេការ ជាពិសេសក្នុងវិស័យកសិកម្ម
- បន្ដពង្រឹងការធ្វើអធិការកិច្ចនៅតាមរោងចក្រ ឬកសិដ្ឋាន
- ចាត់វិធានការ និងដាក់ពិន័យចំពោះថៅកែ ឬមេការ ដែលបានប្រើប្រាស់ពលករខុសច្បាប់ការងារ
- បន្ដបង្កើនការជ្រើសរើសពលករកម្ពុជាមកធ្វើការនៅសាធារណរដ្ឋកូរ៉េ
- បន្ដរៀបចំបណ្ដុះបណ្ដាលលើកទឹកចិត្តពលករចាកចេញដោយស្ម័គ្រចិត្ត និងអភិវឌ្ឍន៍សមត្ថភាពពលករមានជាអាទិ៍ Happy return program…។

ជាលទ្ធផល សំណើររបស់ស្ថានទូត ត្រូវបានប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស(HRD)ទទួលយកទៅពិនិត្យ និងដោះស្រាយ។

ស្ថានឯកអគ្គរាជទូតកម្ពុជានឹងបន្តទំនាក់ទំនង និងពិភាក្សាជាមួយអជ្ញាធរកូរ៉េពាក់ព័ន្ធក្នុងគោលបំណងលើកកំពស់លក្ខខណ្ឌការងារ និងសុខមាលភាពពលករ​អោយកាន់តែល្អប្រសើរឡើង៕