(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូល អភិបាលរាជធានី-រដ្ឋធានី នៃប្រទេស អនុតំបន់ទន្លេមេគង្គក្រោម រួមមាន៖ ទីក្រុងបាងកក ទីក្រុងវៀងច័ន្ទ ទីក្រុងរ៉ងហ្គូន ទីក្រុងហូជីម៉ិញ និងរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យតាមការគ្រោងទុក។

លោក ប៉ា សុជាតិវង្ស ថ្លែងក្នុងពិធីបិទនៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ នាសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ យ៉ាងដូច្នេះថា «ការបិទបញ្ចប់កិច្ចប្រជុំ កំពូលអភិបាលក្រុង ទេសចរណ៍ទន្លេមេគង្គទាំង៥ទីក្រុង ទទួលបានថ្លែងផ្កា នឹងសម្រេចទៅតាមការគ្រោងទុក»

បន្ថែមពីនេះលោកអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរ ដែលកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ទេសចរណ៍ និងកិច្ចប្រជុំកំពូល អភិបាលក្រុងទេសចរណ៍ទីក្រុងទេសចរណ៍ទន្លេមេគង្គក្រោម ដែលមានវាគ្មិនសំខាន់ៗ បានធ្វើបទបង្ហាញចែករំលែកចំណេះដឹង បទពិសោធន៍ ទស្សនៈវិស័យ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍រួមគ្នា និងការផ្គត់ផ្គង់រួមគ្នា ក្នុងការទាញយកផលឲ្យបានជាអតិបរមា អំពីគំនិតផ្ដួចផ្ដើម វប្បធម៌ចម្រុះ ទស្សនរួម និងទិសដៅតែមួយ។

សូមបញ្ជាក់ថា ឆ្នាំនេះរាជធានីភ្នំពេញបានក្លាយជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអភិបាលរាជធានី/រដ្ឋធានីនៃប្រទេស អនុតំបន់ទន្លេមេគង្គក្រោម រួមមានទីក្រុងបាងកក ទីក្រុងវៀងច័ន្ទ ទីក្រុងរ៉ងហ្គូន ទីក្រុងហូជីម៉ិញ និងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៣ ខែធ្នូ ឆ្នាំ២០១៦៕