(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការ ជំរុញនិងផ្សព្វផ្សាយទីផ្សារ ជាមួយក្រុមហ៊ុននាំចេញ បានរៀបចំកិច្ចពិភាក្សាពិសេសមួយ ដើម្បីលើកពីររៀបនៃការអនុវត្ត អនុស្សរណៈយោគយល់គ្នា ជាមួយភាគីចិនលើកូតា ២០ម៉ឺនតោនក្នុងឆ្នាំ២០១៧ ខាងមុខដ៏ខ្លីនេះ។

បើយោងតាម Facebook ផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធីបតីភាព លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង លោក ចាន់ សុខទី អគ្គនាយកក្រុមហ៊ុនរដ្ឋហ្គ្រីនដ្រេត ព្រមទាំងម្ចាស់ក្រុមហ៊ុន និងតំណាងក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារចិន សម្រាប់កូតាក្នុងឆ្នាំថ្មី។

ប្រភពដដែលបន្តថា កិច្ចប្រជុំបានផ្តោតសំខាន់ លើរបៀបការនាំចេញទៅកាន់ទីផ្សារចិន ដោយជជែកពីរបៀបផ្សេងៗ ដើម្បីឲ្យការអនុវត្តមានភាពងាយស្រួល និង ទទួលបានការគាំទ្រក្នុងចំណោមអ្នកនាំចេញទាំងអស់ ខណៈដែលការអនុវត្តអនុស្សរណៈរវាងកម្ពុជានិងចិននឹងត្រូវអនុវត្តចាប់ពីដើមឆ្នាំ២០១៧ ខាងមុខដ៏ខ្លីនេះ រហូតដល់ដំណាច់ឆ្នាំ២០១៧។

លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការអនុវត្តអនុស្សរណៈនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលទើបសម្រេចផ្តល់កូតាបន្ថែមរហូតទ្វេដង ព្រោះកន្លងមក ថ្វីត្បិតតែក្រុមហ៊ុននាំចេញរបស់កម្ពុជាមានច្រើន តែមានក្រុមហ៊ុនតិចតួចប៉ុណ្ណោះ  ដែលបាននាំចេញទៅកាន់ទីផ្សារចិនពិតប្រាកដ។

លោកបានបន្ថែមថា ក្នុងការអនុវត្តកូតាឆ្នាំ២០១៧ខាងមុខនេះ ក្រុមហ៊ុនចំនួន១៨ទទួល​បានសិទ្ធិនាំចេញទៅកាន់ប្រទេសចិន តែជាបទពិសោធន៍ក្នុងពេលកន្លងមក មានតែក្រុមហ៊ុន៤ទៅ៥ប៉ុណ្ណោះដែលសកម្មក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

ដោយឡែកក្រុមហ៊ុនដែលមិនត្រូវបានជ្រើសរើសសម្រាប់ការនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចិន ហើយ ចង់រកច្រកនាំចេញទៅកាន់ទីផ្សារចិននោះ ក្រុមហ៊ុនទាំងនោះអាចចូល តាមច្រកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាតួអង្គដ៏សំខាន់មួយសម្រាប់សម្របសម្រួលក្នុងការនាំចេញ។

កន្លងមកក្រុមហ៊ុនរដ្ឋចិន COFCO បានសម្រេចយកក្រុមហ៊ុននាំចេញ ចំនួន១៨សម្រាប់នាំចេញទៅកាន់ទីផ្សារចិនដោយផ្ទាល់ ខណៈដែលឈ្មោះក្រុមហ៊ុន ច្រើនរហូតដល់ជិត៤០ ត្រូវបានបញ្ជូនឈ្មោះទៅភាគីចិនក្នុងពេលកន្លងមក។

លោក សុខ ពុទ្ធីវុធ បានលើកឡើងថា «ទីផ្សារមិនដែលនៅស្ងៀមនោះទេ ពេលខ្លះអ្នកទិញមានប្រៀបជាង ហើយពេលខ្លះទៀតអ្នកលក់ក៏មានប្រៀបខ្លាំងជាងដែរ»។

មន្ត្រីនៃក្រសួងគ្រប់គ្រងត្រួតពិនិត្យ គុណភាព អធិការកិច្ច និង ចត្តា ឡីស័កសាធារណរដ្ឋប្រជាមានិតចិន (AQSIQ) បានចុះមកត្រួតពិនិត្យផ្ទាល់ចាប់តាំងពីថ្ងៃទី២៨ខែវិច្ឆិកាដល់ថ្ងៃទី១៣ក្នុងខែធ្នូនេះ ដើម្បីចុះត្រួតពិនិត្យលក្ខណៈសម្បតិ្តរបស់ក្រុមហ៊ុននិងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា។

កម្ពុជាតំណាងដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង សម​ភាគី​ចិន​តំណាងដោយប្រធានក្រុមហ៊ុនរដ្ឋចិន COFCO បានចុះអនុស្សរណៈ​យោគ​យល់​គ្នាថ្មីមួយ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយផ្តល់កូតានាំចេញអង្ករ ពីប្រទេសកម្ពុជាពី១០ម៉ឺនតោន ទៅ២០ម៉ឺនតោន៕