(កំពង់ចាម)៖ មន្រ្តីកាំកុងត្រូលសាខា ខេត្តកំពង់ចាម សហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្ម រួមនិងអាជ្ញាធរមួលដ្ឋាន បានចុះត្រួតពិនិត្យ ទំនិញ នៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ចាម លោកជួន សុជាតិ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះរកទំនិញ ខូច គុណភាព និងរកហួស កាលបរិច្ឆេទនៅផ្សារព្រៃទទឹងខាងលើនេះ កម្លាំងចម្រុះរបស់លោក ពុំបានរកឃើញទំនិញ ផលិតផលណាមួយខូចគុណភាព រឺហួសកាលបរិច្ឆេទនោះទេ។

លោកប្រធានសាខាបានបន្តថា អាជីវករលក់ដូរ នៅផ្សារព្រៃទទឹង មានការដាក់លក់ទំនិញ ប្រកបដោយអនាម័យ និងមានសណ្តាប់ធ្នាប់ល្អ ប្រកបដោយការយល់ដឹងខ្ពស់ នេះ សបញ្ជាក់ឲ្យដឹងថា អាជីវករមានការយល់ដឹងអំពី គុណភាព សុវត្ថិភាព ចំណីអាហារច្បាស់លាស់។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមកាងារក៏ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលការបរិភោគ អាហារហួស កាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់ ៕