(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញមកបញ្ជាក់ជូនសាធារណជន អំពីការគ្រប់បំណុលសាធារណៈ របស់រាជរដ្ឋភិបាលកម្ពុជាថា រាជរដ្ឋាភិបាលបាន និងកំពុងគ្រប់គ្រងបំណុល ប្រកបដោយស្មារតីប្រយ័ត្នប្រយែងខ្ពស់ និងតែងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍គន្លឹះទាំង៤ ហើយការគ្រប់បំណុលនេះទៀតសោធ សុទ្ធសឹងត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ វាយតម្លៃ និងទទួលស្គាល់ថាល្អប្រសើរផងដែរ។

ការចេញមកបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ចនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន និងវិទ្យុក្នុងស្រុកមួយចំនួន បានដកស្រង់របាយការណ៍ របស់ធានាគារពិភពលោក ដោយលើកឡើងពីតួលេខបំណុលក្រៅប្រទេសរបស់កម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៥ ថាមានជិត១០ប៊ីលានដុល្លារអាមេរិក និងបានធ្វើការបកស្រាយ ក្នុងន័យបំពុលបរិយាកាសង្គម និងកេងចំណេញនយោបាយ លើរាជរដ្ឋាភិបាល។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា គោលការណ៍គន្លឹះទាំង៤ ក្នុងការគ្រប់គ្រងបំណុលសាធារណៈរួមមាន៖

១៖ ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិការ និងសេដ្ឋកិច្ចអាចទ្រាំទ្របាន។

២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន និងលក្ខខណ្ឌអនុគ្រោះខ្ពស់។

៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើន និងវិស័យបង្កើនផលិតភាបសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

៤៖ ប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។

ក្រសួងសេដ្ឋកិច្ចបានបន្ថែមទៀតថា «ស្ថានភាពបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជា ក៏ត្រូវបានវាយតម្លៃ និងទទួលស្គាល់ផងដែរ ដោយស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិធំៗ ដូចជា៖​ មូលនិធីរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WORLD BANK) និងធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ថាមាន ចីរភាព និងហានិភ័យកម្រិតទាប»

បើតាមក្រសួងសេដ្ឋកិច្ច តួលេខបំណុលក្រៅប្រទេសរបស់កម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៥ ដែលបានរាយការណ៍ថា មានចំនួនជិត១០ប៊ីលានដុល្លារអាមេរិកនោះ មិនមែនសុទ្ធតែជាបន្ទុកបំណុល ដែលរដ្ឋត្រូវសងទេ ព្រោះថាតួលេខក្រៅប្រទេសនេះ ក៏រួមបញ្ចូលទាំងបំណុលឯកជនក្រៅប្រទេសចំនួនជិត ៤ប៊ីលានដុល្លារ អាមេរិកផងដែរ។ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំ២០១៥ កម្ពុជាមានបំណុល សាធារណៈក្រៅប្រទេស ឬបំណុលរដ្ឋក្រៅប្រទេសចំនួន ៥.៦ប៊ីលានដុល្លារអាមេរិក៕