(កំពត)៖ បន្ទាប់ពីបញ្ចប់ការសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនក្នុងខេត្តបន្ទាយមានជ័យ និងសៀមរាបនាសប្តាហ៍កន្លងទៅហើយនោះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តចុះសំ ណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជន ១,៤៨៦នាក់ទៀតក្នុងខេត្តកំពត។ តាមរយៈការជួបសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ គន់ គីម រកឃើញអតីតយុទ្ធជន ៧គ្រួសារខ្វះលំនៅឋាន ហើយបានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សាងសង់ជូនពួកគេភ្លាមៗផងដែរ។

អតីតយុទ្ធជន ដែលជួបសំណេះសំណាលខាងលើនេះ មកពីឃុំចំនួន៣២ នៅក្នុងស្រុកជុំគិរី ស្រុកឈូក និងស្រុកដងទង់។ នាយឧត្តមសេនីយ៍ គន់ គីម ក្នុងពេលសំណេះសំណាលនោះបានថ្លែង សូមការយោគយល់ និងអធ្យាស្រ័យពីបងប្អូនអតីតយុទ្ធជនចំពោះការខកខាន និងការខ្វះចន្លោះលើការយកចិត្តទុកដាក់លើអតីតយុទ្ធជននាពេលកន្លងទៅ ដោយសារជាប់បេសកកម្មនៅតាមព្រំដែនកម្ពុជា-ថៃ។

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ពេលនេះស្ថានការណ៍ព្រំដែនបានធូរស្រាល លោកក៏មានពេលច្រើនមើលការខុសត្រូវលើអតីតយុទ្ធជនផងដែរ។ លោកបញ្ជាក់ដូច្នេះ «ឥឡូវសភាពការណ៍ធូរស្រាល ខ្ញុំមានឱកាសបានជួបមុខបងប្អូនក្នុងតំណែងថ្មីនេះ»

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ដោយសារស្ថាប័នសង្គមកិច្ចកន្លងមក មានមន្ត្រីបម្រើការតិចពេក តាមមូលដ្ឋានមិនអាចគ្រប់គ្រងការងារចុះជួបស្វែងយល់សុខទុក្ខអតីតយុទ្ធជន ដែលមានបរិមាណដល់ទៅរាប់រយ រាប់ពាន់នាក់បាន។

បើតាមនាយឧត្តមសេនីយ៍ គន់ គីម ដើម្បីដោះស្រាយបញ្ហានេះ ទើបសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន បានបើកមហាសន្និបាត តំណាងទូទាំងប្រទេសលើកទីពីរ ធ្វើការកែសម្រួលខ្លឹមសារមួយចំនួននៃលក្ខន្តិកៈ និងរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់សមា គមថ្មី ដោយមានសមាសភាពចម្រុះ រួមមាន៖ យោធា នគរបាល អាវុធហត្ថ និងសង្គមកិច្ច តាំងពីថ្នាក់កណ្តាល ដល់រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។ ដោយឡែកប្រធានប៉ុស្តិរដ្ឋបាល ត្រូវបានទទួលស្គាល់ជាប្រធានសាខា ឃុំ សង្កាត់ និង មានមេភូមិទាំងអស់ជាសមាជិក សាខានេះ។

នាយឧត្តមសេនីយ៍អគ្គលេខាធិការគូសបញ្ជាក់ថា រចនាសម្ព័ន្ធដឹកនាំចម្រុះថ្មីនេះ បាននិងកំពុងបំពេញភារកិច្ចដោយស្ម័គ្រចិត្ត និងយ៉ាងសកម្មបំផុត ដែលធានាបានប្រសិទ្ធភាពប្រសើរជាងមុន ពិសេសបង្កភាពកក់ក្តៅ ហើយទាក់ទាញបានសមានចិត្ត គាំទ្រ និង ជំនឿជឿជាក់ របស់សមាជិកលើសមាគមលើការដឹកនាំ របស់សម្តេចតេជោផងដែរ។

ក្នុងឱកាសសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បាន អំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ចេះរួបរួមសាមគ្គីគ្នាត្រូវគោរពស្រឡាញ់ ជួយគ្នា ទៅវិញទៅមក ដូចក្នងមហាគ្រួសារតែមួយ ហើយត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា។

លោក កៅ សិទ្ធិ ជាយោធិនចូលនិវត្តន៍ នៅឃុំភូមិភ្នំតូច ឃុំទទុង ស្រុកដងទង់ បានរៀបរាប់ដោយក្តីរំភើបថា ពីមុនមករូបលោកកំព្រា ឯកោ ប្រៀបដូចកូនមាន់គ្មានមេ ទើបខំនាំគ្នាធ្វើដំណើរសែនឆ្ងាយ ដើម្បីបានជួបមុខ និងបានស្តាប់ថ្នាក់ដឹកនាំសមាគម។

លោក កៅ សិទ្ធិ ថា ក្រោយបានស្តាប់ការបង្ហាញពីការយកចិត្តទុកដាក់របស់នាយឧត្តមសេនីយ៍ គន់ គីម លោកមានក្តីសង្ឃឹមវិញ និង គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់នាយឧត្តមសេនីយ គន់ គីម ជាតំណាង ចុះជួបសំណេះសំណាលសួរសុខទុក្ខ ដែលជាសក្ខីភាពបង្ហាញច្បាស់ថា សម្តេចតេជោ ជានិច្ចកាលនៅតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន។

ក្នុងពេលសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម រកឃើញគ្រួសារអតីតយុទ្ធជន ៧គ្រួសារជួបការលំបាក និងខ្វះលំនៅឋាន ហើយក៏បានសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ផ្ទះជូនពួកគេផងដែរ។ គ្រួសារអតីតយុទ្ធជនទាំង ៧គ្រួសារ ដែលទទួលបានលំនៅឋាននោះរួមមាន៖

១. ឈ្មោះ ចូវ ទេវ យោធិនចូលនិវត្តន៍ រស់នៅភូមិត្រពាំងឈើទាល ឃុំច្រេស
២. ឈ្មោះ ទៀង ញ៉ នគរបាលចូលនិវត្តន៍ នៅភូមិថ្មី ឃុំជម្ពូវ័ន្ត
៣. ឈ្មោះ សំ រ៉េត យោធិនពិការ នៅភូមិដូង ឃុំស្រែក្នុង ស្រុកជុំគិរី
៤. ឈ្មោះ កូ ប៊ុនណា ជនពិការ នៅភូមិពោធិដុះ ឃុំ បឹងនិមល ស្រុកឈូក
៥. ឈ្មោះ ប៉ាក គេន គ្រួសារមរណៈ នៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក
៦. ឈ្មោះ ខាន់ សុផល ជនពិការ នៅភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់
៧. ឈ្មោះ កេត យ៉ាន់ ម្តាយជនពលី នៅភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់។

អតីតយុទ្ធជនក្រីក្រទាំង ៧គ្រួសារ បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ក្តីសណ្តោសជួយសម្រាលទុក្ខលំបាក ដល់ទុរគតជនទាំងឡាយ ក៏ដូចជាអតីតយុទ្ធជន៕