(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប សំណូមពរដល់ប្រតិភូចិន ក្នុងការជំរុញដល់អ្នកវិនិយោគចិននៃក្រុងណានជីង ឲ្យចូលមកវិនិយោគនៅខេត្តសៀមរាប ផ្តោតសំខាន់បង្កើតនៅក្រុងរណបមិត្តភាព សៀមរាប-ចិន។

ការជំរុញរបស់លោក ឃឹម ប៊ុនសុង ធ្វើឡើងក្នុងឱកាសដែលោកអញ្ជើញជាអធិបតី​ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ រវាងមន្ទីរទេសចរណ៍ ខេត្តសៀមរាប និងក្រុងណានជីង ក្រោមការដឹកនាំរបស់លោក ម៉ៅ រ៉ូលីន អភិបាលក្រុងណាងជីន នៅរដ្ឋបាលសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦។

ក្នុងឱកាសនោះលោក ឃឹម ប៊ុនសុង បានលើកឡើងអំពីចំណងមិត្តភាពរវាងកម្ពុជា និងចិន មានតាំងពីសម័យកាលយូលងមកហើយ ក្រោមស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានធ្វើការថែរក្សានូវប្រពៃណីកិច្ចទំនាក់ទំនង រវាងកម្ពុជា-ចិន។ ផ្ដើមចេញនូវកិច្ចសហប្រតិបត្តការនេះ បានធ្វើឲ្យប្រទេសកម្ពុជា មានកិច្ចអភិវឌ្ឍន៍គ្រប់វិស័យ។ និយាយដោយឡែកខេត្តសៀមរាប ក្រោមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់រដ្ឋាភិបាលចិន បានធ្វើឲ្យខេត្តសៀមរាប និងខេត្តក្រុងនៃសាធារណរដ្ឋប្រជាមានិតចិន បានចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ជាក់ស្ដែងរវាងខេត្តសៀមរាប និងខេត្តជាំងស៊ូ។

លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា ការបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាព ជាមួយខេត្តក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន មកដល់ថ្ងៃនេះមានចំនួន២០ ខេត្តក្រុង ក្នុងនោះបានចុះអនុស្សរណៈយោគយល់គ្នាចំនួន៤ខេត្តក្រុង និងកិច្ចព្រមព្រៀងចំនួន២ខេត្តក្រុង និងលិខិតផ្ដួចផ្ដើមចំនួន១៤ ខេត្តក្រុងផងដែរ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកវិនិយោគរបស់ក្រុមហ៊ុនចិននៅខេត្តសៀមរាប មានចំនួន១០៦ ដែលបានចុះបញ្ជីពាណិជ្ជកម្ម ក្នុងនោះក្រុមហ៊ុន៥៥ សហគ្រាសឯកជនចំនួន៥១ និងក្រុមហ៊ុនអាកាសចរណ៍១០ក្រុមហ៊ុនផងដែរ។

លោក ឃឹម ប៊ុនសុង ក៏បានលើកនៅសក្ដានុពលរបស់ខេត្ត លើវិស័យសេដ្ឋកិច្ច គឺកសិកម្ម និងទេសចរណ៍ ព្រមទាំងបានលើកពីស្ថានភាពភូមិសាស្រ្ត នយោបាយ សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជានខេត្តសៀមរាប។

ក្នុងនោះលោកបណ្ឌិតក៏បានលើកនូវសំណូមពរដល់ប្រតិភូក្នុងការជម្រុញ ដល់អ្នកវិនិយោគចិននៃក្រុងណានជីង ចូលមកវិនិយោគនៅខេត្តសៀមរាប សំខាន់បង្កើតនៅក្រុងរណបមិត្តភាព សៀមរាប-ចិន ។

ក្នុងនោះផងដែរលោក ម៉ៅ រ៉ូលីន ក៏បានធ្វើការកោតសរសើរ ពីការអភិវឌ្ឍន៍នៃក្រុងប្រវត្តិសាស្រ្តសៀមរាប កាន់តែមានសោភ័ណ្ឌភាព ដ៏ស្រស់ត្រកាល ស័ក្តិសមជាទឹកដីវប្បធម៍ដ៏សំបូរបែប ដែលមានប្រាង្គប្រាសាទ ដ៏ល្បីល្បាញ ជាសម្បត្តិបេតិកភ័ណ្ឌរបស់មនុស្សជាតិ។

ក្នុងនោះដែរលោកក៏បានលើកពីសក្ដានុពលរបស់ក្រុង ណានជីង ដែលជាក្រុងមានអាយុកាលជាង២៥០០ឆ្នាំហើយ ជាក្រុងបុរាណសំបូរទៅដោយសម្បត្តិវប្បធម៍ និងបានដាក់ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ហើយដែលជាក្រុងប្រកបដោយបរិស្ថានល្អ ជាតំបន់ទេសចរណ៍ប្រកបដោយអេកូឡូហ្សី ព្រមទាំងជាតំបន់សេដ្ឋកិច្ចទៀតផង។ ដោយការអនុវត្តគោលនយោបាយផ្ឡុវ១ ខ្សែក្រវ៉ាត់១ បានធ្វើអោយកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តសៀមរាប និងក្រុងណានជីង ខេត្តជាំងស៊ូ។

លោកបានបន្តទៀតថា កិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរ ក៏ដូចខេត្តក្រុងទាំង២ នៅតែមានឱកាសកិច្ចសហការនឹងគ្នា កាន់តែមានភាពរីកចម្រើនឡើង។ ក្នុងនោះដែរលោកនឹងធ្វើការជម្រុញដល់ក្រុមអ្នកវិនិយោគចិន ព្រមទាំងពាំនាំសក្ដានុពលរបស់ខេត្តសៀមរាប ទៅធ្វើការផ្សព្វផ្សាយដល់អ្នកវិនិយោគចិន ចូលមកវិនិយោគនៅខេត្តសៀមរាប ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នាផងដែរ៕