(កំពង់ចាម)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ ឲ្យដឹងថា ជនពិការពិតជាមានសក្តានុពល ក្នុងវិស័យទេសចរណ៍ ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង វិស័យមួយនេះផងដែរ។

លោក ឯម ច័ន្ទមករា បានបន្ថែមថា «កុំគិតថាជនពិការទាំងអស់សុទ្ធតែមានជីវភាពក្រីក្រ តែក៏មានជនពិការមួយចំនួនទៀត មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងហូបចុក ក្នុងសណ្ឋាគារ និងភោជនីយដ្ឋានទំនើបៗដូចប្រជាពលរដ្ឋធម្មតាៗ»

លោក ឯម ច័ន្ទមករា​ បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុង សិក្ខាសាលាផ្សព្វផ្សាយស្តីពី​ «ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ តាមរយៈការលើកកម្ពស់ កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ ក្នុងវិស័យទេសចរណ៍» ។​ នៅខេត្តកំពង់ចាម​ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការចូលរួមពី លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍  និងលោក កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាម រួមនឹង ម្ចាស់ ឬអ្នកគ្រប់គ្រង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ និងមន្ទីរ ពាក់ព័ន្ធចំនួន៦០នាក់។សិក្ខាសាលានេះ រៀបចំឡើងដោយ មន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងលេខាធិការដ្ឋានក្រុមការងារ សកម្មភាព ជនពិការក្រសួងទេសចរណ៍។

លោក ឯម ច័ន្ទមករា បានស្នើឲ្យ ម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ និងអ្នកពាក់ព័ន្ធក្នុង វិស័យទេសចរណ៍ ចូលរួមយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលទៅដល់ជនពិការ ដោយបង្កើតឲ្យមាន ជំរាលដែលមាន ភ្នាក់ដៃ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានជាដើម។

លោកថា ការបង្កើតឲ្យមានជំរាលបែបនេះ មិនមែនជួយបង្កភាពងាយស្រួលទៅដល់ជនពិការនោះទេគឺអាចជួយសម្រូល ដល់មនុស្សចាស់ជរាចីះលើរទេះរុញ និងរទេះរបស់កូនក្មេងជាដើម។

លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឲ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានថ្លែងគាំទ្រចំពោះការលើកនេះ ហើយ លោកបានបញ្ជាក់ថា ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ បានបេ្តជ្ញាចិត្ត ចូលរួមការងារ គ្រប់សកម្មភាពទាំងផ្នែកច្បាប់ និងសីលធម៌ និងខិតខំរកនូវវិធានការ​យុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់នូវផលប៉ះពាល់អវិជ្ជមានទាំងឡាយណា ដែលជះឥទ្ធិពលមកល់ជនពិការ៕