(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសផ្សព្វផ្សាយជាផ្លូវការ ដាក់ឱ្យដំណើរការគម្រោងពង្រឹងសមត្ថភាពពាណិជ្ជកម្ម (PRCC) និងគម្រោងហិរញ្ញប្បទានសាលាវិជ្ជាជីវៈទេសចរណ៍ អមជាមួយសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ឆ្នាំ២០១៧-២០២០ ក្រោមគម្រោងផ្ដួចផ្ដើមចំនួន៨ចំណុច របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ពិធីប្រកាសខាងលើ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមសហអធិបតីភាពរបស់ លោករដ្ឋមន្រ្តី ថោង ខុន និងលោក Jean-Claude POIMBOEU អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពីក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកឯកជនពាក់ព័ន្ធ យុវជន សរុបប្រមាណ ៣០០នាក់។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់វាគ្មិនជំនាញ មកពីក្រសួងទេសចរណ៍ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) រួចមក លោករដ្ឋមន្រ្តី ថោង ខុន បានដាក់ចេញនូវគម្រោងផ្ទួចផ្តើមចំនួន ៨ចំណុច រួមមាន៖

ទី១៖ ការកំណត់កាតព្វកិច្ចបណ្តុះបណ្តាល ដែលតម្រូវឱ្យមូលដ្ឋានអាជីវកម្ម ធ្វើការបណ្តុះបណ្តាលបំប៉នសមត្ថភាពបុគ្គលិករបស់ខ្លួនប្រចាំឆ្នាំ យ៉ាងហោច៣០ភាគរយ ដើម្បីទទួលបានការបន្តអាជ្ញាប័ណ្ណទេសចរណ៍។

ទី២៖ ក្រសួងគ្រោងនឹងដាក់ឱ្យអនុវត្តកម្មវិធីឥណទានកម្ចីរបស់សិស្សនិស្សិត សម្រាប់ជំនាញទេសចរណ៍ ចាប់ពីឆ្នាំ២០១៨។

ទី៣៖ ដើម្បីធានានូវនិរន្តរភាព នៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ពីគ្រប់ភាគីពាក់ព័ន្ធ អង្គពិធីបានគាំទ្រឱ្យមានការរៀបចំបទដ្ឋានគតិយុត្ត បង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញទេសចរណ៍ សំដៅទ្រទ្រង់ការបណ្តុះបណ្តាលបន្ត ដល់អ្នកកំពុងបម្រើការងារតាមមណ្ឌលអាជីវកម្មទេសចរណ៍។ មូលនិធិនេះ មានការចូលរួមពីគ្រប់ភាគីដែលទទួលប្រយោជន៍ផ្ទាល់ ពីការបណ្តុះបណ្តាល ហើយជាទម្រង់ការមួយ ក្នុងការជំរុញភាពជាដៃគូរដ្ឋ-ឯកជន (PPP)។

ទី៤៖​ ក្រសួងស្នើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ បន្តផ្តល់ការបណ្តុះបណ្តាលខាងក្នុង ដល់បុគ្គលិករបស់ខ្លួន ឱ្យបានកាន់តែទូលំទូលាយថែមទៀត និងចូលរួមគាំទ្រគម្រោងដាក់ឱ្យអនុវត្តកម្មវិធី «វាយតម្លៃបទពិសោធន៍ពីមុន»។

ទី៥៖ ក្រសួងទេសចរណ៍បានដាក់ចេញ នូវសៀវភៅជំនាញទេសចរណ៍ សម្រាប់កត់ត្រាគុណវុឌ្ឍិរបស់អ្នកជំនាញ ដែលបានបញ្ចប់ការសិក្សា និងវាយតម្លៃរួចហើយ។

ទី៦៖ក្រសួងទេសចរណ៍ នឹងជំរុញដាក់ឱ្យអនុវត្តផែនការអនុវត្តកម្មវិធីហ្វឹកហាត់ការងារ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញដល់ការអភិវឌ្ឍជំនាញទេសចរណ៍ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត។

ទី៧៖អង្គសន្និបាតបានគាំទ្រលើផែនការរបស់ក្រសួងទេសចរណ៍ ក្នុងការបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍ តាមស្តង់ដាអាស៊ាន និងក៏ដូចជាការបណ្តុះបណ្តាល «បដិសណ្ឋារកិច្ចល្អ» នៅតាមវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសទូទាំងប្រទេស។

ទី៨៖ក្រសួងទេសចរណ៍ នឹងបង្កើតឱ្យមានក្រុមគ្រូបង្រៀនជំនាញវិជ្ជាជីវៈទេសចរណ៍ចល័ត។

ក្នុង​ឱកាស​នោះ​ ក៏មាន​ការ​ប្រកាស​ផ្សព្វផ្សាយ​សមាសភាព​ក្រុម​ប្រឹក្សាភិបាល ​នៃ​សាលា​វិជ្ជាជីវៈ​ទេសចរណ៍​ ​និង​គម្រោង​ហិរញ្ញប្បទានពង្រឹងសមត្ថភាពពាណិជ្ជកម្ម (PRCC) និងគម្រោងហិរញ្ញប្បទានសាលាវិជ្ជាជីវៈទេសចរណ៍ ​ផង​ដែរ​។​

ជាចក្ខុវិស័យ នៅឆ្នាំ២០២០ អាស៊ាននឹងទទួលបានទេសចរអន្តរជាតិចំនួន ១២៣លាននាក់។ ដោយឡែក នៅឆ្នាំ២០២០ នេះដែរ កម្ពុជាក៏សង្ឃឹមថានឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ នាំចំណូលចូលជាតិប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារបានប្រមាណ ១លាន់នាក់៕