(កណ្តាល)៖ ដោយសារតែខឹងទៅនឹង អ្នកជួញដូរថ្នាំញៀនជាមួយគ្នា ស៊ីដាច់លុយចំណេញ និងចាប់ប្រពន្ធខ្លួនរំលោភសេពសន្ថវៈ បានធ្វើឲ្យមុខសញ្ញាជួញដូរ និងជាអ្នកញៀនថ្នាំ បបួលបក្ខពួក២នាក់ទៀត តាមទៅកាប់គូទំនាស់ដល់កន្លែងស្នាក់នៅ ​នាព្រឹកថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៦ ​ស្ថិតក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រោយ​កើតហេតុ ​ជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជើងកើប ចាប់ខ្លួនបាន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង។

​មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជើងកើបបានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានចាប់ខ្លួន នោះឈ្មោះ ឈឿន ភក្តី អាយុ២១ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកឯបក្ខពួក២នាក់ទៀត ដែលរត់គេចខ្លួននោះ ឈ្មោះ រស្មី អាយុ២២ឆ្នាំ មុខរបរ​មិនពិតប្រាកដ និងម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ​ រីឯ​ជនរងគ្រោះឈ្មោះ សល់ ថាត់​ អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ​។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅជួលផ្ទះរបស់ ឈ្មោះ ហ៊ីវ សិទ្ធ អាយុ៣០ឆ្នាំ​ ដើម្បីស្នាក់​ធ្វើការងារ នៅទីនោះ លុះមកដល់ថ្ងៃកើតហេតុ​ ជនដៃដល់ឈ្មោះ ឈឿន ភក្តី និងបក្ខពួក២នាក់ទៀត ដើរឡើងទៅលើផ្ទះជនរងគ្រោះស្នាក់នៅ មួយសន្ទុះក៏ចុះមកវិញ តែមិនឃើញជនរងគ្រោះ ចុះមកតាមនោះទេ រហូតដល់វេលាថ្ងៃត្រង់ ម្ចាស់ផ្ទះជួលដើរទៅមើលឃើញមាន ឈាមធ្លាក់ ពីលើផ្ទះមកដី ក៏ឡើងទៅមើលលើផ្ទះ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​។ ភ្លាមៗនោះ បុរសជាម្ចាស់ផ្ទះ បានប្រាប់អ្នកជិតខាង ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ច ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ឆោរឡោឡើងតែម្តង​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចាប់បានជនដៃដល់ម្នាក់ ហើយនៅ​ចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា ខ្លួននិងបក្ខពួក ២នាក់ទៀត ពិតជាបានយកកាំបិតកាប់ និងចាក់សម្លាប់ជនរងគ្រោះប្រាកដមែន​។ ជនដៃដល់បញ្ជាក់ថា មូលហេតុដែលនាំឲ្យខ្លួន បបួលបក្ខពួកមកស្លាប់ជនរងគ្រោះ ដោយសារតែខ្លួនខឹងទៅនឹងជនរងគ្រោះ កន្លងមកធ្លាប់បានចាប់​រំលោភសេពប្រពន្ធរបស់ខ្លួន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ​ស្វែងរកចាប់ខ្លួនបក្ខពួកជនដៃដល់២នាក់បន្ថែមទៀត ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់​៕​