(ប៉ៃលិន)៖ លោក សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនិងសមាជិក សមាជិកាគណៈកម្មាធិការ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋទីទ័លក្រីក្រចំនួន២០គ្រួសារ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោក សៅ សារ៉ាត់អនុប្រធានគណៈកម្មាធិការ បាននាំបណ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេច តែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយសម្តេចមិនបណ្តោយឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ដោយមិនបានជួយសង្រ្គោះឡើយ គឺសុខទុក្ខរបស់ពុកម៉ែបងប្អូនក៏ដូចសុខ និងទុក្ខរបស់សម្តេចដែរ ។

ប្រជាពលរដ្ឋទីទ័លក្រទាំង២០គ្រួសារ ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាពេលនេះ រួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិការបស់លោក អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្ត ក្នុងមួយគ្រួសារៗ ៥០,០០០រៀល។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានអនុវត្តតាមគោលការណ៍គ្រឹះទាំង៧ គឺ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រា​អាសន្ន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​បក្ខពួក​ឡើយ​៕