(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យមន្ដ្រីនគរបាលទាំងអស់ ជាពិសេសមន្ដ្រីនគរបាលប៉ុស្ដិ៍ ត្រូវរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅពេលបោះឆ្នោតម្ដងៗ នៅកម្ពុជា។

ការថ្លែងជំរុញបែបនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងសន្និបាតប៉ុស្ដិ៍រដ្ឋបាលនគរបាលទូទាំងប្រទេស លើកទី១ និងការអនុវត្តការងារនគរបាល និងសហគមន៍ ដែលបានធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការចូលរួមពីមន្ដ្រីនគរបាលជាន់ខ្ពស់ ព្រមទាំងមន្ដ្រី អាជ្ញាធរ ពាក់ព័ន្ធជាច្រើននាក់ផងដែរ។

សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថា លោក លោកស្រី ជាថ្នាក់ដឹកនាំទាំងអស់ ជាពិសេសមន្ដ្រីប៉ុស្ដិ៍ទាំងអស់ នឹងខិតខំប្រឹងប្រែងដើម្បីរួមគ្នា ការពារនូវសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ហើយយើងនឹងខិតខំប្រឹងប្រែង គ្រប់លទ្ធភាពទាំងអស់ ដើម្បីធានាឲ្យបាននូវសុវត្ថិភាព សម្រាប់ការបោះឆ្នោត នានាដែលនឹងកើតមានឡើងនៅកម្ពុជា»។

សម្ដេចក្រឡាហោមបន្ថែមថា នៅខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណ្ណត្តិទី៤ បន្ទាប់ពីនោះ នឹងមានការបោះឆ្នោតអសកល គឺការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា សម្រាប់អាណ្ណត្តិទី៣ នៅខែមករា ឆ្នាំ២០១៨ ហើយបន្ទាប់ពីនោះ អាចនៅរង្វង់ខែកក្កដា ឆ្នាំ២០១៨ នឹងមានការបោះឆ្នោតជាតិ ជ្រើសរើសតំណាងរាស្ដ្រ សម្រាប់អាណ្ណត្តិទី៦ លុះនៅឆ្នាំ២០១៩ នឹងមានការបោះឆ្នោត អសកលមួយទៀត ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ។

កត្តាទាំងនេះ ហើយដែលសម្ដេច ស ខេង សង្ឈឹមថា មន្ដ្រីនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវតែខិតខំគ្រប់គ្រងស្ថានការនេះ ឲ្យបានយ៉ាងល្អប្រសើរ ដើម្បីធ្វើឲ្យកម្ពុជា ឆ្ពោះទៅរកភាពសុខសាន្ដ សុភមង្គល ប្រជាធិបតេយ្យ ការរីកចម្រើន ជាងនេះទៅទៀត៕