(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំពិធីទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ២០១៦ ក្រោមប្រធានបទ «ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ឈប់អេដស៍» ក្រោមអធិបតីភាព លោក យិន សុវិនចិន្តា អភិបាលរងខេត្ត​ នាមហោស្រពខេត្តកោះកុង។

ទិវាខាងលើ ក៏មានការចូលរួមពីលោកវេជ្ជ ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ រួមទាំងមន្ត្រីក្រោមឱវាទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីគ្រប់ស្ថាប័ន ព្រះសង្ឃ និងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។

ក្នុងឱកាសនោះ លោក ទៅ ម៉ឹង បានថ្លែងថា «អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរដែនដី ត្រូវសហការណ៍គ្នាអនុវត្តយុទ្ធសាស្រ្ត ដែលគាំទ្រដល់ក្រុមឆ្នើម នៅតាមស្រុកប្រតិបត្តិ ដើម្បីឈានទៅសម្រេចគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០២០»។

លោកបានជំរុញការផ្សព្វផ្សាយបន្តទៀត ឲ្យមានការយល់ដឹងកាន់តែខ្ពស់ ហើយមិនត្រូវរើសអើងអ្នកផ្ទុក ឬអ្នកកើតមេរោគអេដស៍ឡើយ ត្រូវលើកទឹកចិត្តពួកគាត់ជានិច្ច។

លោក យិន សុវ័នចិន្តា បានលើកឡើងនូវអនុសាសន៍ល្អៗមួយចំនួនរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមមាន៖ «ឆ្ពោះទៅសម្រេចបាននូវគោលដៅបញ្ឈប់​ការចម្លង​មេរោគអេដស៍​ឆ្នាំ២០២០», «ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍» ប្រាប់ដល់អ្នកចូលរួមក្នុងឱកាសនោះផងដែរ។

ថ្នាក់ដឹកនាំ និងក្រុមការងារ ក៏បានផ្ដល់អំណោយមួយចំនួនជូនដល់អ្នកផ្ទុកមេរោគ និងអ្នកកើតជំងឺអេដស៍ មានភួយសាលី១ និងថវិកាមួយចំនួន ហើយសិស្សសាលាម្នាក់ៗ ក៏ទទួលបានសៀវភៅ ១ក្បាល ប៊ិច១ដើម ផងដែរ៕