(ភ្នំពេញ)៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​ធ្នូ​ ឆ្នាំ២០១៦នេះ សាលាឧទ្ធរណ៍​ បានបើកសវនាការជំនុំជម្រះលើសំណុំរឿង លោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ពាក់ព័ន្ធនឹងករណីបរិហាកេរ្តិ៍ ទៅលើមន្ត្រីតុលាការ​ខេត្ត​សៀមរាប​២​រូប។ បន្ទាប់ពីបើកសវនាការនេះ សាលាឧទ្ធរណ៍បានសម្រេចថា នឹងប្រកាសសាលដីកានៃសំណុំរឿងនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។

គួរ​រំលឹក​ថា​ លោក​ ឃី​ ឆៃ​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​ នី​ ចរិយា​ អតីត​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​ មនុស្ស​អាដហុក​ និង​ បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គជប)​ ដាក់​ពន្ធនាគារ​រយៈពេល​៦ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦លាន​រៀល​ ពាក់ព័ន្ធ​ករណី​​បរិហារកេរ្តិ៍​ មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ពីរ​រូប​  ។​

លោក​ នី ចរិយា ជាប់​ចោទ​ពីបទបរិហាកេរ្តិ៍​ជាសាធារណៈ​ បទ​ប្តឹងបរិហាបង្កាច់កេរ្តិ៍​ និងបទ​ផ្សព្វផ្សាយនិង អត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្ថាធិការ​ ។ បច្ចុប្បន្ន​ លោក ​នី​ ចរិយា​ ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ ដែល​មាន​អ្នកនាង​ ខុម​ ចាន់តារ៉ាទី​ ហៅ​ស្រីមុំ​ ជា​ជនរងគ្រោះ​ ផងដែរ​ ៕