(សៀមរាប)៖ ដោយមានកិច្ចសហការជាមួយ លេខាធិការដ្ឋានអាស៊ាន និងអង្គការជួយជនចាស់ជរាអន្តរជាតិ និងទទួលបានជំនួយឧបត្ថម្ភ​ជាថវិកាពី ជំនួយពិសេសសហប្រតិបត្តិការអាស៊ាន-កូរ៉េ (ASEAN-ROK Special Cooperation Fund) និង សហគមអ៊ឺរ៉ុប ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលាថ្នាក់តំបន់អាស៊ានស្តីពី ការលើកកម្ពស់សមាគមមនុស្សចាស់ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្នាគារសុខាអង្គរ ក្នុងខេត្តសៀមរាប។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីតំណាងរដ្ឋាភិបាលអាស៊ាន អ្នកធ្វើគោលនយោបាយ អ្នកស្រាវជ្រាវជាន់ខ្ពស់ អ្នកជំនាញៗ តំណាងអង្គការជាតិ អន្តរជាតិ តំណាងសមាគមមនុស្សចាស់ និងអ្នកពាក់ព័ន្ធ សរុបប្រមាណជាជិត១០០នាក់។

នៅក្នុងឱកាសបើកសិក្ខាសិលាលោក មុំ ប៊ុនថន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា សិក្ខាសាលាអាស៊ានថ្នាក់តំបន់ស្តីពី​ការលើកកម្ពស់សមាគមមនុស្សចាស់រៀបចំឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ល្អៗ មេរៀននានាដើម្បីបង្កើត និងគ្រប់គ្រងសមាគម​មនុស្សចាស់​សម្រាប់ផ្តល់​សេវាជូនមនុស្សចាស់ គ្រួសារ និងសហគមន៍របស់គាត់។

ម៉្យាងទៀតសិក្ខាសាលានេះ​ មានគោលបំណងបង្កើនការទទួលស្គាល់ឲ្យ បានទូលំទូលាយថែមទៀត និងការគាំទ្រសមាគមមនុស្សចាស់ ពង្រឹងបណ្តាញទំនាក់ទំនង​នៅក្នុងតំបន់ និងផ្សព្វផ្សាយពីការអនុវត្តដ៏ល្អប្រសើរ និងមេរៀនដែលបានរៀនសូត្រ។

លោកបានបន្តថា បញ្ហាប្រឈមទូទៅដែលគេសង្កេតឃើញកើតមានឡើងចំពោះមនុស្សវ័យចំណាស់មានដូចជា៖ បញ្ញាស្មារតី សុខភាពចុះខ្សោយទ្រុឌទ្រោម សន្តិសុខប្រាក់ចំណូល ភាពក្រីក្រ ការរំលោភបំពាន កង្វះខាតបរិស្ថានដែលគាំទ្រនិងមានលក្ខណៈអំណោយផលក្នុងការរស់នៅរបស់មនុស្សវ័យចំណាស់ និងភាពឯកោជាដើម។ លើសពីនេះទៀតមនុស្សវ័យចំណាស់ងាយទទួលរងនូវហានិភ័យនៃគ្រោះមហន្តរាយ និងការប្រែប្រួសអាកាសធាតុ ។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំគោលនយោបាយជាតិមនុស្សវ័យចំណាស់ ២០១៧-២០៣០ ដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ​​ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច សង្គម ជាពិសេសកំណើននៃមនុស្សចាស់ ជនចាស់ជរា ព្រមទាំងតម្រូវការ និងបញ្ហាប្រឈមនានា ដែលមនុស្សចាស់បាននិងកំពុងជួបប្រទះទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត សំដៅលើកកម្ពស់ការអភិវឌ្ឍសុខុមាលភាពមនុស្សចាស់ និងធានាថាមនុស្សចាស់កម្ពុជានឹងមានសិទ្ធិពេញលេញក្នុងការចូលរួម និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុខុដុមនីយកម្ម ក្នុងក្រុមគ្រួសារ សហគមន៍ ទាំងក្នុងផ្នែកសេដ្ឋកិច្ច សង្គម ជំនឿសាសនា និងសកម្មភាពនយោបាយ ព្រមទំាងជំរុញឱ្យយុវជនជំនាន់ក្រោយបានគិតគូរពីជោគវាសនាផ្ទាល់ខ្លួនទុកជាមុន ទាំងផ្នែកផលិតភាព សុខភាព សកម្មភាព និងសេចក្តីថ្លៃថ្នូរនៅក្នុងជីវិត នៅពេលដែលពួកគេឈានចូលដល់វ័យចំណាស់។

គួរបញ្ជាក់ថា នៅក្នុងបណ្តាប្រទេសអាស៊ានមានប្រជាពលរដ្ឋចំនួន ៦៣៣លាននាក់នៅឆ្នាំ២០១៥ ក្នុងនោះមានមនុស្សវ័យចំណាស់ចំនួន ៤៩លាននាក់ (៧.៧៣%) នឹងកើនឡើង៧៤១លាននាក់នៅឆ្នាំ២០៣៥ ក្នុងនោះមានមនុស្សវ័យចំណាស់ ១១៥លាននាក់ (១៥.៤៩%) យោងតាមទិន្នន័យប្រជាជនពិភពលោក ដែលរៀបចំដោយអង្គការសហប្រជាជាតិ។

នៅក្នុងនោះកម្ពុជាមានមនុស្សវ័យចំណាស់ប្រមាណ ១.៣ លាននាក់ ស្មើនឹង ៨.៣%  នៃប្រជាជនសរុបនៅឆ្នាំ២០១៥។ ចំនួនមនុស្សវ័យចំណាស់នឹងកើនឡើងដល់ ៥លាននាក់ ស្មើនឹង២១% នៃប្រជាជនសរុប នៅឆ្នាំ២០៥០។ ចំនួននេះបង្ហាញពីសក្កានុពលសម្រាប់តួនាទីយ៉ាងសកម្ម និងប្រកបដោយផលិតភាព របស់មនុស្សវ័យចំណាស់ នៅកម្ពុជាដែលបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច។

ទោះបីយ៉ាងនេះក្តីមនុស្សវ័យចំណាស់កម្ពុជាប្រឈមមុខកាន់តែច្រើនទៅនិងកត្តាផ្នែកសង្គម សេដ្ឋកិច្ច ផលិតភាពចុះទាប និងស្ថានភាពសុខភាពផុយស្រួយ ជាពិសេសការផ្លាស់ប្តូរ យ៉ាងឆាប់រហ័សនៅក្នុងសង្គម ដូចជាការចំណាកស្រុករបស់មនុស្សពេញវ័យដែលជាកូនចៅមកទីក្រុង និងទៅក្រៅប្រទេសដើម្បីស្វែងរកមុខរបរ និងការងារ ធ្វើឲ្យមនុស្សវ័យចំណាស់ដែលជា ឳពុកម្តាយត្រូវទទួលភារៈថែទាំចៅ៕