(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ និងបរិញ្ញាបត្របច្ចេកវិទ្យា ជូននិស្សិតវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ៣១១៣នាក់ ដែលបានបញ្ចប់ការសិក្សាចាប់ពីឆ្នាំ២០០៥ ដល់២០១៥។

ពិធីនេះរៀបចំឡើងនៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដោយមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ អាណាព្យាបាល ឪពុកម្តាយ ក្រុមគ្រួសារនិស្សិតយ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយ។

លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ថ្លែងថា វិទ្យាស្ថាននេះ ត្រូវបានកសាងដោយមូលនិធិកម្ចីសម្បទាន EDCF នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយចំណាយជាំង៣៤លានដុល្លារ និងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

លោក ប៊ុន ភារិន បានបញ្ជាក់ថា មកដល់ពេលនេះ វិទ្យាស្ថានមានអាយុជាង១១ឆ្នាំ កំពុងបណ្តុះបណ្តាលនិស្សិតជំនាន់ទី១២ ។ លោកប​ន្តថា នាថ្ងៃនេះ ជយលាភីដែលត្រូវទទួលសញ្ញាបត្រ ជាអតីតនិស្សិតជំនាន់ទី១ ដល់ទី៨ ដែលមានចំនួន ៣១១៣នាក់ ស្រី១៩៨នាក់ ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា១៧៤៣នាក់ (ស្រី១៤០នាក់) ថ្នាក់បច្ចេកទេសជាន់ខ្ពស់ ១៣៤៣នាក់ (ស្រី៥៤នាក់) និងវិញ្ញាបនបត្របច្ចេកទេស ២៧នាក់ (ស្រី៤នាក់)។

លោកបន្តថា វិទ្យាស្ថានជាតិពហុបច្ចេកទេស សូមប្តេជ្ញាដើរតាមចក្ខុវិស័យដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា និងចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា លើវិស័យអប់រំបណ្តុះបណ្តាល តាមរយៈការបន្តធ្វើឲ្យកាន់តែប្រសើរឡើង បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការណ៍ទាំងជាតិ និងអន្តរជាតិ ពង្រឹងគុណភាពការគ្រប់គ្រង ការបណ្តុះបណ្តាល និងគ្រឹះស្ថានទាំងមូល ក៏ដូចជាពង្រីកបន្ថែមនូវការស្រាវជ្រាវ និងបោះពុម្ពផ្សាយបច្ចេកវិទ្យាថ្មីៗ ដែលទំនើប និងមានលក្ខណៈអនុវត្ត។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះម្ចាស់ជយលាភី ទាំង៣១១៣នាក់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ៕