(ប៉ៃលិន)៖ សិស្សានុសិស្សក្នុងខេត្តប៉ៃលិន ២០រូបទៀតហើយ ទទួលបានអាហារូបករណ៍សិក្សានៅថ្នាក់ឧត្តមសិក្សាពី នាយឧត្តមសេនីយ៍ អ៉ី ឈាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន មកពីគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនិងការផ្តល់អាហារូបករណ៍ហើយនោះ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ លោកស្រី បាន ស្រីមុំ ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន រួមនិងសហការី បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជន និងនិស្សិតអាហារូបករណ៍ទាំងជំនាន់ទី១ ទី២ និងទី៣ សរុបចំនួន ៦០នាក់ ដើម្បីស្វែងយល់ពីសុខទុក្ខ និងផ្តល់ការណែនាំមួយចំនួនសម្រាប់ពង្រឹងការអប់រំរបស់ពួកគេ។

ក្នុងពេលសំណេះសំណាលនោះ លោកស្រីតំណាងរាស្រ្ត បានសួរសុខទុក្ខ និងបាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយការនឹករលឹកពីនាយឧត្តមសេនីយ៍ អ៉ី ឈាន ចំពោះសិស្សនិស្សិតអាហារូបករណ៍ទាំង ៦០នាក់ផងដែរ។

លោកស្រី បាន ស្រីមុំ បានថ្លែងក្នុងពេលសំណេះសំណាលនោះថា លោកស្រី និងលោក អ៉ី ឈាន មានមោទនភាពខ្លាំង ដែលកូនចៅប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានសិក្សារៀនសូត្ររហូតប្រឡងជាប់សញ្ញាបត្រថ្នាក់ទី១២ និងឈានជើងចូលមហាវិទ្យាល័យ។

លោកស្រីថា នេះគឺជាសំណាងមួយរបស់យុវជនជំនាន់ថ្មីលើទឹកដីប៉ៃលិន ក្នុងយុគសម័យសន្តិភាពក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលផ្ទុយស្រឡះពីយុវជនខេត្តប៉ៃលិន កាលពីជាង ២០ឆ្នាំមុន គ្មានឱកាសទទួលបានការអប់រំនោះឡើយ ដោយសារតែស្រុកទេសស្ថិតក្នុងភ្លើងសង្រ្គាម។

លោកស្រី បាន ស្រីមុំ បានណែនាំដល់បេក្ខជនទើបជាប់ថ្មីក្នុងជំនាន់ទី៣ និងសិស្សនិស្សិតជំទាន់ទី១ និងទី២ ត្រូវខិតប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានចំណេះដឹង និងយកមកចូលរួមការពារ និងអភិវឌ្ឍន៍សង្គមជាតិឲ្យទទួលបានការរីកចម្រើនបន្ថែមទៀត ប្រកបដោយសុខសន្តិភាព វឌ្ឍនភាព និងភាពសុខដុម ជានិរន្តន៍។ លោកស្រីក៏បានស្នើឲ្យនិស្សិតមានដើមកំណើតពីអតីតសមរភូមិសង្រ្គាម ត្រូវរក្សាឲ្យបាននូវសីលធម៌ សុជីវធម៌ និងកិរិយាមាយាទថ្លៃថ្នូរ ហើយត្រូវចៀសវាងល្បែងឧបាយមុខគ្រប់ប្រភេទ ដើម្បីធ្វើខ្លួនជាសិស្សល្អ កូនល្អ សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ ។

សូមបញ្ជាក់ថា អាហារូបករណ៍របស់នាយឧត្តមសេនីយ៍ អ៉ី ឈាន និងលោកស្រី អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានផ្តល់ជូនសិស្សនិស្សិតអស់រយៈពេល ៣ឆ្នាំមកហើយ គឺឆ្នាំ២០១៤ ២០១៥ និងឆ្នាំ២០១៦ ដោយក្នុង១ឆ្នាំៗចំនួន ២០កន្លែង សម្រាប់សិស្សនិស្សិតដែលប្រឡងជាប់សញ្ញាបត្រទី១២ មានជីវភាពខ្វះខាត មិនមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តម ដោយមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ៕