(កំពង់ស្ពឺ)៖ មិនខុសពីការចុះទៅតាមបណ្តាខេត្តដទៃនោះឡើយ ក្នុងដំណើរចុះសួរសុខទុក្ខអតីតយុទ្ធជនក្នុងខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានបន្តក្រើនរំលឹក និងដាស់តឿនទៅ  ដាល់ថ្នាកដឹកនាំសមាគមនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើសុខទុក្ខរបស់អតីតយុទ្ធជន  ហើយត្រូវដោះស្រាយបញ្ហាជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

នៅចំពោះមុខអតីតយុទ្ធជនជាច្រើនរយនាក់មកពីស្រុកគងពិសី និងស្រុកបរសេដ្ឋ នៃខេត្តកំពង់ស្ពឺ នាយឧត្តមសេនីយ៍ គន់ គីម បាន លើកឡើថា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ខេត្ត ស្រុក ក្រុង និងសាខាឃុំ សង្កាត់ ត្រូវបែងចែកភារកិច្ចគ្នា បន្តចុះជួបអតីតយុទ្ធជន  តាម ឃុំ ភូមិ ដែលទទួលខុសត្រូវ ដោយប្រមូលផ្តុំជួបជុំជាក្រុមតូចៗ ឬ តាមគ្រួសារនីមួយៗ ដើម្បីសួរសុខទុក្ខ  ពិគ្រោះយោបល់គ្នាផង  និងធ្វើការស្វែងយល់ពីស្ថានភាពជីវភាព ស្ថានភាពសុខភាពផង។

លោកអគ្គលេខាបន្តថា ត្រូវរិះរកគ្រប់លទ្ធភាពជួយអន្តរាគមន៍ឲ្យទាន់ពេលវេលាក្នុងករណីអតីតយុទ្ធជន ឬ សមាជិកគ្រួសារណាម្នាក់  មានគ្រោះថ្នាក់ មានជំងឺ ឬ ជួបលំបាកជីវភាព ត្រូវការជំនួយសង្រ្គោះបន្ទាន់ ឬ ទទួលមរណភាព ដែលត្រូវចលនាគ្នាជួយរៀបចំបុណ្យ សពឲ្យបានអធិកអធម ។

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា «ទង្វើទាំងអស់នេះ សុទ្ធតែជាអំពើសប្បុរស ជាវប្បធម៌ចែករំលែក ក្នុងស្មារតីសាមគ្គីជួយគ្នា ទៅវិញទៅមក របស់សមាគមយើង ដែលចាំបាច់ត្រូវបន្តអនុវត្តឲ្យបានជាប់ជាប្រចាំ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយស ដល់ អតីតយុទ្ធជនយើង ក្នុងគ្រាកំពុងមានទុក្ខ ជួបលំបាក ក្នុងគ្រាមានអាសន្ននេះ»។

សូមបញ្ជាក់ថា ស្រុកគងពិសី និងស្រុកបរសេដ្ឋ ជាស្រុក២ចុងក្រោយ ក្នុងចំណោមស្រុក ក្រុងទាំង៨ នៃខេត្តកំពង់ស្ពឺ មានអតីតយុទ្ធជន សរុបចំនួន ៥,១៤៥នាក់ ដែលបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយនាយឧត្តមសេនីយ៍ គន់ គីម។

តាមការពិនិត្យជាក់ស្តែងឃើញថា នៅគ្រប់ពិធីជួបជុំ អតីតយុទ្ធជនជាសមាជិកសមាគម សមាជិកម្នាក់ៗ សុទ្ធតែមានទឹកមុខសប្បាយ រីករាយ និងសម្តែងការពេញចិត្តពេញថ្លើម ចំពោះនាយឧត្តមសេនីយ៍ អគ្គលេខាធិការ គន់ គីម ដែលបានលះបង់ពេលវេលាចុះជួបសួរ សុខទុក្ខបងប្អូន ដែលពីមុនមកអាក់ខានមួយរយៈ។

អតីតយុទ្ធជន ក៏បានសម្តែងក្តីសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំសមាគមនៅគ្រប់ថ្នាក់ ដែលដឹកនាំដោយសមាសភាពចម្រុះថ្មីនេះ នឹងខិតខំ បំពេញភារកិច្ច គិតគូរផលប្រយោជន៍អតីតយុទ្ធជនជាធំ និងអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន  ដែលបានថ្លែងក្នុងឱកាសខួបលើកទី ៩ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងែទី២១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅជាមិនខាន។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមបណ្តាខេត្តទាំង៦ នៃយោធភូមិភាគទី៣នេះ នៅសល់តែ ៦ស្រុកទៀតប៉ុណ្ណោះ ដែលមានអតីតយុទ្ធ ជនចំនួន ២.៧០៣នាក់ ក្នុងខេត្តកំពត នៅមិនទាន់បានជួបសំណេះសំណាលនៅឡើយ។ នាយឧត្តមសេនីយ គន់ គីម គ្រោងនឹងចុះ ជួបសំណេះសំណាលនៅសប្តាហ៍ទី ២ ខែធ្នូ ខាងមុខ៕