(កែប)៖ ទូកនេសាទ២គ្រឿងបានបុកគ្នា ខណៈកំពុងរនេសាទនៅសមុទ្រកែប បណ្ដាលឲ្យអ្នកនេសាទ០២នាក់ ក្នុងចំណោម ៨នាក់រងរបួស នៅទៀបភ្លឺ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងលិចពយព្រះរាជដំណាក់ ចម្ងាយប្រមាណ៣០០ម៉ែត ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

មន្ត្រីនគរបាលវរ:ការពារព្រំដែនទឹកលេខ៤៣០ប្រចាំតំបន់កែប បានប្រាប់ឲ្យដឹងថា ករណីទូកនេសាទប្រភេទទូកមងក្តាម និងទូកមងកេវ បានបុកគ្នាដែលមានមនុស្សនៅលើទូកសរុបចំនួន ០៨នាក់ ក្នុងនោះនៅលើទូកមងក្តាម ចំនួន០៣នាក់ រួមមាន៖ ទី១.ឈ្មោះ យន​ សំណាង ភេទប្រុស អាយុ២១ឆ្នាំ​ ជាអ្នកបើកទូក រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប ទី២.ឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រស ក្រុងកែប ខេត្តកែប និងទី៣.ឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។

រីឯទូកមងកេវ មានមនុស្សចំនួន០៥នាក់៖ ទី១.ឈ្មោះ ក្រូច បាន ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកបើកទូក រស់នៅភូមិអន្លង់កក់ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត, ទី២.ឈ្មោះ ឃីម ភេទប្រុស អាយ១៩ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ​ ស្រុកទឹកឈូ ខេត្តកំពត,ទី៣.ឈ្មោះនាយ ខិល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបុស្សត្របែក​ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត,ទី៤.ឈ្មោះ វុធ ភេទប្រុស អាយុ២៥ឆ្នាំ​ រស់នៅភូមិបុស្សត្របែក​ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត របួសស្រាល និងទី៥.ឈ្មោះ ប៊ួត ឃីម ភេទប្រុស អាយុឆ្នាំ រស់នៅភូមិបុស្សត្របែក​ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់បាក់ជើងស្ដាំ។

មន្ត្រីនគរបាលដដែលបន្តឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ខាងលើបណ្តាលឲ្យទូកមងកេវ១គ្រឿង ជិះគ្នា៥នាក់លិច និងមនុស្សពីរនាក់រងរបួសធ្ងន់ម្នាក់បាក់ជើងស្ដាំនិងម្នាក់រងរបួស ស្រាល។ក្រោយពីកើតហេតុកាណ៍នេះ កម្លាំងនគរបាលនៃវរ:ការពារព្រំដែនទឹកខាងលើ បានជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា។

ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី អ៉ីង សំអុល បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមកម្លាំង វរៈសេនាតូចលេខ430 នគរបាលព្រំដែនទឹកខេត្តកែប សហការជាមួយក្រុមចំរុះនគរបាលខេត្ត ប្រចាំឆ្នេរកែប រួមជាមួយម្ចាស់ទូកទាំងពីរ បាននាំគ្នាទៅស្រង់យកទូកលិចនោះមកវិញ និងបានសំរបសំរួលសងការខូចខាត គ្នាទៅវិញទៅមករួចហើយ។

លោកថា «នេះជាករណីកើតឡើងដោយអចេតនា និងដោយសារខ្វះការប្រុងប្រយ័ត្ន រៀងៗខ្លួន»