(ភ្នំពេញ)៖ សម្ព័ន្ឋគ្រូពេទ្យ សហភាពសហព័ន្ឋយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នួ ឆ្នាំ២០១៦នេះ បានចុះទៅពិនិត្យ និងព្យាបាលជម្ងឺជូនកម្មករកម្មការិនី និងប្រជាពលរដ្ឋសរុបចំនួន ៤៤៥០នាក់ នៅសាលាបឋមសិក្សាសំបួរមាស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សកម្មភាពមួយនេះ បានធ្វើឡើងដោយមានកិច្ចសហការពីសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោ សហភាពសហព័ន្ឋ យុវជនកម្ពុជាខណ្ឌដង្កោ ទីភ្នាក់ងារជំរុញការវិនិយោគនិងពាណិជ្ជកម្មកូរ៉េ និងសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក្រោមអធីបតីភាពលោកស្រីឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ឋគ្រូពេទ្យ សភាពសហព័ន្ឋយុវជនកម្ពុជា លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងលោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ។

ការពិនិត្យនិងព្យាបាលជម្ងឺរយៈពេលជាងពាក់កណ្តាលថ្ងៃនេះសរុបបានចំនួន៤៤៥០នាក់ក្នុងនោះ ជម្ងឺទូទៅចំនួន៧៥៤នាក់ ជម្ងឺបេះដូងនិងសរសៃឈាមចំនួន១៤៥នាក់ ជម្ងឺមនុស្សចាស់ចំនួន២៣៤នាក់ ជម្ងឺច្រមុះត្រចៀក បំពង់ក ចំនួន២១៤នាក់ ជម្ងឺសើរស្បែកនិងកាមរោគចំនួន២២៤នាក់ ជម្ងឺផ្លូវចិត្តចំនួន៥៤នាក់ ជម្ងឺកុមារចំនួន៣៥៤នាក់ ជម្ងឺវះកាត់និងរោគសន្លាក់ចំនួន ២០៤នាក់ក្នុងនោះបានវះកាត់ចំនួន២៥នាក់ ជម្ងឺមាត់ធ្មេញ២៣៤នាក់ ពិនិត្យអេកូសាស្ត្រចំនួន២៤៥នាក់ រោគស្ត្រីនិងពិនិត្យ ផ្ទៃពោះចំនួន៣០៤នាក់ ផ្នែកមន្ទីរពិសោធន៏ចំនួន៧៦នាក់ ជម្ងឺតម្រងនោមចំនួន១៣៤នាក់ ពិនិត្យបឋមនិងវាស់សម្ពាធឈាម ចំនួនចំនួន១០៨៣នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកចំនួន០១នាក់ ។

លោក សោម អូន បានបញ្ជាក់ថាយោងតាមស្មារតីអនុសារណៈយោគយល់ជាមួយ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋ យុវជនកម្ពុជា លោកនឹងខិតខំរៀបចំការពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនកម្មករ ក៏ដូចប្រជាពលរដ្ឋនៅតាមតំបន់ ផ្សេងៗទៀត ដើម្បីជួយធ្វើអោយសុខមាលភាពកម្មករនិងប្រជាពលរដ្ឋអោយបានប្រសើរឡើង ពីព្រោះបញ្ហាសុខភាពគឺជា អទិភាពទី១ សម្រាប់មនុស្សគ្រប់ៗរូប ។

លោក សោម អូន ក្នុងនាមសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និង កម្មករនិយោជិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជាដែលផ្តួចផ្តើមបង្កើតឡើងនិងដឹកនាំដោយលោក ហ៊ុន ម៉ានី ដែលបានយកចិត្ត ទុកដាក់ចុះពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករនិងប្រជាពល ជាពិសេសបានចុះទៅពិនិត្យ ដោយផ្ទាល់ដល់ទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនិងកម្មករតែម្តង ៕