(កណ្តាល)៖ ប្រជាពលរដ្ឋប្រមាណ២០នាក់ តំណាងឲ្យជាង២ពាន់គ្រួសារ រស់នៅឃុំរការខ្ពស់ ស្រុកកណ្តាលស្ទឹង និងឃុំកន្តោត ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានលើកគ្នាមកសុំអន្តរាគមន៍ ពីនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ក្រោយពួកគាត់អះអាងថា ក្រុមហ៊ុន «ខេម ជេម» បានយកដីរបស់ពួកគាត់ជាង២០០ហិកតា ទៅលក់ឲ្យគេបាត់។

យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា «នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ០៩៖១៥នាទី ត្រង់ចំណុចដើមពោធិ៍មុខវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានប្រជាពលរដ្ឋមកពីភូមិក្រសាំង ឃ្មំរកាខ្ពស់ ស្រុកកណ្តាលស្ទឹង និងភូមិគោករមៀត ឃុំកន្តោត ស្រុកស្អាង ខេត្តកណ្តាល មានគ្នាប្រមាណ២០នាក់ ដឹកនាំដោយឈ្មោះ សុខ វុទ្ឋី មកដាក់ញ្ញត្តិ ស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ ទៅក្រុមហ៊ុនយីហោ «ជេម ខេម» ដែលមានទីតាំងខាងលើ ម្ចាស់ឈ្មោះ ប៊ុណ្ណា ចាន់គ្រឹស្នា ដែលបានរៀបចំ ឯកសារលក់ដី និងផ្ទះរបស់ ពួកគាត់ទៅឲ្យក្រុមហ៊ុន ផ្សេងទៀត ដោយបំពាន»

អ្នកស្រី សុខ វុទ្ធី តំណាងប្រជាពលរដ្ឋម្នាក់ បានថ្លែងប្រាប់អង្គភាព Fresh News ថា កាលពីអំឡុងឆ្នាំ២០០៨ ប្រជាពលរដ្ឋ ជាង២ពាន់គ្រួសារ បានទៅទិញដីឡូ ពីក្រុមហ៊ុន «ជេម ខេម» ខ្លះ២ឡូ ខ្លះ៣ឡូ និងទៀត៤ទៅ៥ឡូ ដែលមួយឡូមានតម្លៃជិត ២ពាន់ដុល្លារ ប៉ុន្តែមួយឆ្នាំចុងក្រោយនេះ ស្រាប់តែក្រុមហ៊ុន មិនទាន់បានប្រគល់ដីជូនពួកគាត់ផង បែរជាធ្វើរបងបិតជិត ធ្វើឲ្យពួកគាត់ភ័យ និងបារម្ភយ៉ាងខ្លាំង ហើយស្វែងរកអន្តរាគមន៍ពីថ្នាក់ដឹកនាំតែម្តង។

អ្នកស្រីបានបន្តទៀតថា តាមការសួរនាំ ម្ចាស់ក្រុមហ៊ុនមួយនេះ បានយកដីរបស់ប្រជាពលរដ្ឋទាំងនេះ ទៅលក់ឲ្យគេបាត់ ហើយដោយសារតែក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានយកដីរបស់គាត់ដែរ។

យ៉ាងណាក៏ដោយ នៅពេលមកសុំរកអន្តរាគមន៍ ពីប្រមុខរាជរដ្ឋាភិបាលនេះ គេសង្កេតឃើញមានវត្តមានមន្រ្តីសាលាខណ្ឌ ដូនពេញ និងមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី ចេញមកទទួលញត្តិផងដែរ។

អង្គភាព Fresh News មិនទាន់អាចស្វែងរកការបកស្រាយ ពីម្ចាស់ក្រុមហ៊ុន «ខេម ជេម» បាននៅឡើយទេ ព្រឹកថ្ងៃដដែរនេះ៕