(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យ បានសម្តែងការអបអរសាទរជាមួយ ទិវារត់ប្រណាំងលើកទី២១ ដែលបានរៀបចំឡើងនៅបរិវេណប្រាសាទអង្គរលើទឹកដីសៀមរាប ដែលមានអ្នកចូលរួម រត់ប្រណាំងជាង ៩ពាន់នាក់។

ជាមួយនិងការអបអរសាទរទិវារត់ប្រណាំងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីសារមួយចំនួនទៅជនរួមជាតិកម្ពុជា ដែលធ្លាប់តែរងទុក្ខក្នុងភ្នក់ភ្លើង សង្រ្គាមពីអតីតកាលដ៏សែនវេទនាផងដែរថា ក្រោមម្លប់សន្តិភាពនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យកម្ពុជា មានលទ្ធភាពរៀបចំពិធីលំដាប់អន្តរជាតិជាច្រើន។

តាមរយៈទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកស្វែងរកសន្តិភាពនៅកម្ពុជា បានថ្លែងយ៉ាងដូច្នេះ «សូមអបអរ សាទរ ទិវារត់ប្រណាំងលើកទី២១ នៅអង្គរវត្តព្រឹកនេះ! (21st Angkor Wat International Half Marathon 2016)។ នេះបង្ហាញអោយឃើញថា ក្រោមម្លប់សន្តិភាព កម្ពុជាកាន់តែអាចរៀបចំនូវពិធីលំដាប់អន្តរជាតិជាច្រើនក្នុងការរឹត ចំណងមិត្តភាព ផ្សព្វផ្សាយសន្តិភាព រៃអង្គាសមូលនិធិមនុស្សធម៍ និងទាក់ទាញព្រឹត្តិការណ៍កីឡាទេសចរណ៍ជាដើម»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦ កម្ពុជា បានរៀបចំទិវារត់ប្រណាំងលើកទី២១ នៅបរិវេណប្រាសាទ អង្គរ ដោយមានអ្នកចូលរួមសរុប ៩,១៥០នាក់ មកពី ៨៥ប្រទេស ដែលភាគច្រើនមកពីចក្រភពអង់គ្លេស អាមេរិក និង បារាំង រីឯប្រជាពលរដ្ឋកម្ពុជា មាន ៤,០០០នាក់។

ការប្រារព្ធទិវារត់ប្រណាំងនាព្រឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ បើតាមលោក ថោង ខុន ចំនួនអ្នករត់ប្រណាំងឆ្នាំនេះជនបរទេស កើនឡើងប្រមាណ ៧ភាគរយ ខណៈប្រជាពលរដ្ឋខ្មែរកើនឡើង ២០ភាគរយ។ មហាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំ ប្រចាំឆ្នាំនៅសៀមរាប រយៈពេល២ថ្ងៃទី៣-៤ ខែធ្នូនេះ កម្ពុជាអាច រកចំណូលបានជិត៤លានដុល្លារ។ កីឡាទេសចរណ៍ គឺជាសកម្មភាពរបស់ទេសចរ ដែលពាក់ព័ន្ធនិងកីឡា ហើយក៏ទាក់ទងនិងសេវាកម្មធ្វើដំណើរផងដែរ។

ជាការកត់សម្គាល់នៅក្នុងរយៈប៉ុន្មានឆ្នាំងចុងក្រោយនេះ កម្ពុជា បានទទួលភារកិច្ចជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិ ជាច្រើន។ ជាក់ស្តែងនៅក្នុងខេត្តសៀមរាប នៅខែវិច្ឆិកា កន្លងទៅនេះ បានទទួលភារកិច្ចកិច្ចប្រជុំក្នុងតំបន់ជាច្រើនដូចជា កិច្ចប្រជុំ CLV កិច្ចប្រជុំសភាតំបន់អាស៊ី APA ហើយនៅឆ្នាំ២០១៧ខាងមុខនេះ កម្ពុជា ក៏នឹងទទួលរៀបចំវេទិកាសេដ្ឋកិច្ច អន្តរជាតិ ដែលនិងមានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេសលើពិភពលោកជាច្រើនចូលរួមក្នុងវេទិកានេះ៕