(កំពង់ស្ពឺ)៖ នៅក្នុងថ្ងៃខួប ១៨ឆ្នាំ នៃទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិលើកទី៣៤ (៣ ធ្នូ ១៩៨២- ៣ធ្នូ ២០១៦) នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអំពាវនាទៅដល់ស្ថាប័នរបស់រដ្ឋ ក៏ដូចជាក្រុមហ៊ុន សហគ្រាសឯកជនជួយផ្តល់អាទិភាពខ្ពស់សម្រាប់ជនពិការជាអតីតយុទ្ធជនបានចូលបម្រើការងារដោយមិនមាន ការរើសអើង។

ក្នុងពេលជួបសំណេះសំណាលជាមួយអតីតយុទ្ធជនជាង ១ពាន់នាក់មកពីក្រុងច្បារមន និងស្រុកភ្នំស្រួចនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នេះ នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវយ៉ាងដូច្នេះ «ក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជាសូមអំពាវនាវ ដល់ស្ថាប័ន មន្ទីរ អង្គភាពរបស់រដ្ឋ និង ក្រុមហ៊ុន សហគ្រាស វិស័យឯកជន សូមផ្តល់អាទិភាពជ្រើសរើសនិងទទួលយក បងប្អូនជនពិការជាអតីតយុទ្ធជន ចូលបម្រើការងារ ដោយមិនរើសអើង ទៅតាមលទ្ធភាព និងសមត្ថភាពរបស់បងប្អូន ទោះបីជាបុគ្គលិករដ្ឋបាល ជាកម្មករ និយោជិត ក្តី ឬជាកូនជាង ឬកម្មសិក្សាការីក្តី»

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានគូសបញ្ជាក់ថា តាមរយៈធ្វើបច្ចុប្បន្ននាពេលកន្លងទៅ បានរកឃើញអតីតយុទ្ធជន ជាច្រើនបានជួបនិងបញ្ហានៅក្នុងជីវភាព។ ក្រោយពេលបានរកឃើញដូចនេះ សមាគមក៏បានណែនាំឲ្យសិក្សាអង្កេតមើល ពីមុខរបរ និងកម្រិតសមត្ថភាពជំនាញរបស់អតីតយុទ្ធជនគ្រប់ប្រភេទ និងសមាជិកគ្រួសារផងដែរ ដើម្បីរៀបចំគម្រោង ដោះស្រាយការងារធ្វើ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ រួមចំណែកដល់ការលើកកម្ពស់ជីវភាព ក្នុងគ្រួសារបន្ថែមពីលើការជួយ ឧបត្ថម្ភគោលនយោបាយពីរដ្ឋ។

យោងតាមរបាយការណ៍បឋម នៃការធ្វើបច្ចប្បន្នភាពរបស់សមាគម នៅបណ្តាខេត្តចំនួន១៨ បានរកឃើញមានមេគ្រួសារអតីត យុទ្ធជន ចំនួន ១០,០៣៨នាក់ មិនមានការងារធ្វើ។ អគ្គលេខាធិការសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម ធ្លាប់បានណែនាំឲ្យអាជ្ញាធរខេត្តពាក់ព័ន្ធ ចុះពិនិត្យ និងវាយតម្លៃឡើងវិញ ឲ្យបានជាក់លាក់លើករណីនេះដើម្បីសមាគមរៀបចំ វិធានការឲ្យបានសមស្រប។

ក្នុងឱកាសជួបសំណេះសំណាលជាមួយអតីតយុទ្ធជន នាយឧត្តមសេនីយ គន់ គីម ក៏បានសំណូមពរ លោកមេឃុំ ចៅសង្កាត់ ក៏ដូចជា ប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខាសមាគម អតីតយុទ្ធជនឃុំ សង្កាត់ ទាំងអស់ ត្រូវគិតគូរ និងបង្កលទ្ធភាព សហការ ជួយដល់អតីតយុទ្ធជន និងគ្រួសារ ក្នុងមូលដ្ឋាននីមួយៗឲ្យទទួលបានសេវាសាធារណៈផ្សេងៗ ដូចជា ការទទួល ជំនួយសង្រ្គោះបន្ទាន់ ការផ្តល់ដីសម្បទានសង្គមកិច្ច ការស្តារលទ្ធភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការចូលរួមសកម្មភាព សិល្បៈ កីឡាជាដើម៕