(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០២​ ខែធ្នូ ឆ្នាំ២០១៦នេះថា ការស្នើលើកលែង ទោសដល់លោក​ កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នាពេលនេះគឺជាឆន្ទានុសិទ្ធិ និងជាគុណធម៌នយោបាយមួយរបស់ សម្ដេចតេជោ ហ៊ុន សែន។

លោក ផៃ ស៊ីផាន បានលើកឡើងថា «ការស្នើលើកលែងទោសនេះ គឺមានទិដ្ឋភាពច្រើនរួមមាន៖ ទិដ្ឋភាពទី១ បង្ហាញថា គ្មានបុគ្គលណាម្នាក់ នៅពីលើច្បាប់ ឬប្រឆាំងច្បាប់បានឡើយ ដូច្នេះជាសកម្មភាពតែមួយ គឺការពង្រឹងនីតិរដ្ឋ ហើយប្រឆាំងនឹងវប្បធម៌និទណ្ឌភាព នេះជាទិដ្ឋភាពទី១។ ទិដ្ឋភាពទី២ បង្ហាញពីគុណធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាគុណធម៌នយោបាយមួយ ដែលលោកបង្ហាញជា ឧទាហរណ៍ម្ដងហើយម្ដងទៀត នៅក្នុងអំណាច របស់សម្ដេច ដែលជានាយករដ្ឋមន្រ្តី ដែលមានឆន្ទានុសិទ្ធិក្នុងការស្នើទៅព្រះមហាក្សត្រ សុំព្រះរាជទានការលើកលែងទោសនេះជាទិដ្ឋភាពទី២។ ទិដ្ឋភាពទី៣ ខ្ញុំជឿថា សណ្ដាប់ធ្នាប់នយោបាយ និងការពង្រឹងឡើងវិញជាមួយនីតិរដ្ឋ បានសេចក្ដីថា គ្មានបុគ្គលណាមួយ នៅលើច្បាប់បានឡើយ ក៏ប៉ុន្តែការសុំព្រះរាជទានទោស ស្ដែងអំពី គុណធម៌របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានឆន្ទានុសិទ្ធិតែម្នាក់ឯងគត់»

លោក កឹម សុខា ដែលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥ខែ និង ពិន័យប្រាក់៨០ម៉ឺនរៀល ពាក់ព័ន្ធនឹងបទមិនចូលខ្លួននោះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រទានការលើកលែងទោស នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើងទៅតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីមានលិខិតសំណូមពរផ្លូវការមួយរបស់លោក កឹម សុខា ផ្ញើទៅសម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា បន្ទាប់ពីមានព្រះរាជក្រឹត្យ ប្រទានការលើកលែងទោសតាមសំណើសម្តេចតេជោ ហ៊ុន សែន នោះ លោក កឹម សុខា ក៏បានសរសេរលិខិតមួយទៀត ទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីថ្លែងអំណរគុណ ផងដែរ៕