(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅប៉ុន្មាននាទីមុននេះ បានសរសេរលិខិតថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានស្នើព្រះមហាក្សត្រ លើកលែងទោសដល់ខ្លួន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ។ នេះបើតាមលិខិតរបស់ លោក កឹម សុខា ដែល Fresh News ទទួលបាននៅមុននេះបន្តិច។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំៗ០១៦នេះ បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់ លោក កឹម សុខា តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច នាវេលាម៉ោងប្រមាណ២៖៤៥នាទី រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។

លោក កឹម សុខា កាលពីរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលមានការពាក់ព័ន្ធនឹងសំណុំរឿង សញ្ចារកម្ម។ ចំពោះរឿងនេះ បានធ្វើឱ្យ លោក កឹម សុខា បានសំងំលាក់ខ្លួននៅទីស្នាក់ការកណ្តាលគណបក្សរបស់ខ្លួនជាងកន្លះឆ្នាំមកហើយ៕