(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសដល់ទណ្ឌិត កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច នាវេលាម៉ោងប្រមាណ២៖៤៥នាទីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងព្រះរាជ្យក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា៖ «ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទបដិសេធក្នុងការចូលខ្លួន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ១៣០ «ក្រI.សវ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍»

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ស្នើសូមព្រះករុណាថ្លៃវិសេស សូមទ្រង់ព្រះមេត្តាប្រាសព្រះរាជទាន នូវព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា ដែលត្រូវបានផ្តន្ទាទោស តាមអំណាចសាលដីកាព្រហ្មទណ្ឌ ស្ថាពរលេខ ១៣០ «ក្រI.សវ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍»

ការស្នើសុំលើកលែងទោសរបស់សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះមហាក្សត្រនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ បានផ្ញើលិខិតទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយស្នើសុំសម្តេចតេជោដោយក្តីយោគយល់បំផុត ដើម្បីស្នើសុំព្រះមហាក្សត្រ ប្រោសព្រះរាជទានលើកលែងទោសដល់រូបលោក។

សូមជំរាប​ថា​ លោក​ កែវ​ មុនី​ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ​ ​កាលពី​រសៀលថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១៦​ ប្រកាសសាលក្រមផ្តន្ទាទោសលោក​ កឹម​ សុខា​ ផ្តន្ទាទោស៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល​ ក្រោមការចោទប្រកាន់ពីបទ​ «បដិសេធក្នុងការចូលខ្លួន​» តាមមាត្រា៥៣៨​ នៃក្រមព្រហ្មទណ្ឌ​ ដែលតុលាការចាត់ទុកថា​ ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង​។ មេធាវីលោក កឹម សុខា បានបន្តទំនាស់ទៅកាន់សាលាឧទ្ធរណ៍។

រហូតដល់នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៦ សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​ បើកសវនាការ និងសម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​ផ្តន្ទា​ទោស​លោក​ កឹម​ សុខា​ រយៈពេល​៥ខែ​ និង​ពិន័យ​៨០ម៉ឺន​រៀល​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ ដែល​តុលាការ​ចាត់​ទុក​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។ តុលាការ​រកឃើញថា​ លោក ​កឹម​ សុខា​ បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ព្រោះ​ខកខាន​ពីរ​លើក​ក្នុង​នាម​ជា​សាក្សី​ ចូល​បំភ្លឺ​តុលាការ​ ពាក់ព័ន្ធ​បទល្មើស​សញ្ចារកម្ម​ដែល​មាន​អ្នក​នាង​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ជា​ជនរងគ្រោះ​។

* ក្រោយពីទទួលបានព្រះរាជទានពីព្រះមហាក្សត្រ នៅពេលនេះលោក កឹម សុខា អាចមានសេរីភាពឡើងវិញហើយ បន្ទាប់ពីលោកបានឃុំខ្លួនឯង នៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្រោះជាតិ អស់ជាង៦ខែកន្លងមកហើយតាំងពីខែឧសភាមកម៉្លេះ៕